(ប៉េកាំង)៖ ឆ្មាំសមុទ្រចិន និងសមភាគីវៀតណាម បានដឹកនាំប្រតិបត្តិការល្បាតរួមគ្នា ប្រកបដោយជោគជ័យនៅក្នុងតំបន់ឈូងសមុទ្រ ប៉ីពូ (Beibu) ឬឈូងសមុទ្រតុងកឹង (Tonkin) ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធកន្លងទៅនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកងសាងសន្តិភាព និងស្ថេរភាពដែនទឹក ព្រមទាំងប្រយោជន៍រួមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។
ប្រតិបត្តិការល្បាតរួមគ្នាខាងលើ បានកើតមានឡើងបន្ទាប់ពីកិច្ចព្រមព្រៀងរវាងចិន និងវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការនេសាទនៅក្នុងតំបន់ឈូងសមុទ្រ Tonkin អស់សុពលភាពកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេសាទនេះ មានគោលបំណងធានាឱ្យបាន នូវសកម្មភាពនេសាទជាធម្មតា ខណៈភាគីទាំងពីរកំពុងបន្តកិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងថ្មីមួយ សម្រាប់ពេលអនាគត។ បើតាមឆ្មាំសមុទ្រចិន ប្រតិបត្តិការល្បាតរួមគ្នាខាងលើមានរយៈពេល ៦០នាទី និងគ្របដណ្ដប់លើដែនទឹកមានចំងាយប្រហែល ១,៤៥៩គីឡូម៉ែត្រ។
គួរបញ្ជាក់ថា នេះគឺជាប្រតិបត្តិការល្បាតរួមគ្នាលើទី ២០ ហើយរវាងឆ្មាំសមុទ្រចិន និងវៀតណាម នៅក្នុងតំបន់ដែនទឹកនៃឈូងសមុទ្រ Tonkin ចាប់តាំងពីឆ្នាំ២០០៦មក ហើយឆ្មាំសមុទ្រចិន ក៏បានបញ្ជាក់ផងដែរថា ភាគីទាំងពីរនឹងបន្តរក្សាកិច្ចសហប្រតិបត្តិការបែបនេះ ក្នុងគោលបំណងចូលរួមចំណែករក្សាសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់ឈូងសមុទ្រមួយនេះ៕