(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកនឹងតម្រូវឱ្យអ្នកដំណើរតាមជើងហោះហើរ មកពីចក្រភពអង់គ្លេសទាំងអស់ ត្រូវមានលិខិតបញ្ជាក់លទ្ធផលតេស្ដអវិជ្ជមាន COVID-19 ក្នុងរយៈពេល ៧២ម៉ោង មុននឹងចេញដំណើរមកកាន់សហរដ្ឋអាមេរិក ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការឆ្លងរាតត្បាត COVID-19 ទម្រង់ថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ក៏បានបញ្ជាក់ដែរថា វិធានការខាងលើនឹងត្រូវចាប់ផ្ដើមអនុវត្ត នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ដោយអ្នកដំណើរទាំងអស់មកពីចក្រភពអង់គ្លេស ត្រូវតែមានលទ្ធផលតេស្ដអវិជ្ជមាន COVID-19 ជាមុនសិន ទើបអាចធ្វើដំណើរមកកាន់ សហរដ្ឋអាមេរិកបាន។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ប្រាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកថា ខ្លួនគ្មានគម្រោងទាមទារលទ្ធផលតេស្ដអវិជ្ជមាន ពីអ្នកដំណើរមកពីចក្រភពអង់គ្លេសឡើយ ខណៈបណ្ដាប្រទេសជាច្រើននៅអឺរ៉ុប បានផ្អាកជាបណ្ដោះអាសន្ននូវជើងហោះហើរទៅ និងមកពីអង់គ្លេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ទម្រង់ថ្មី។
គួរបញ្ជាក់ថា ស្ថានទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីនតោន មិនទាន់ធ្វើអត្ថាធិប្បាយអ្វី ទៅនឹងការសម្រេចចិត្តរបស់ CDC នោះទេ។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines និង Delta Air Lines បានប្រកាសថា ពួកគេនឹងតម្រូវឱ្យអ្នកដំណើរតាមជើងហោះហើរ មកពីចក្រភពអង់គ្លេស មានលិខិតបញ្ជាក់លទ្ធផលតេស្ដអវិជ្ជមាន COVID-19 ដែលត្រូវធ្វើឡើងក្នុងរយៈពេល ៧២ម៉ោង មុននឹងចេញដំណើរមកកាន់សហរដ្ឋអាមេរិក។
COVID-19 ទម្រង់ថ្មី ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស ត្រូវបានគេជឿជាក់ថា មានសមត្ថភាពចម្លងលឿនជាងមុនរហូតដល់ទៅ ៧០ភាគរយ។ ទោះជាបែបនេះក្តី មិនទាន់មានការបញ្ជាក់ពីក្រុមជំនាញថា តើវាមានភាពកាចសាហាវក្នុងកម្រិតណា និងអាចប្រឆាំងនឹងវ៉ាក់សាំងបច្ចុប្បន្នបានដែរ ឬក៏យ៉ាងណានោះទេ៕