Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុនផុតអាណត្តិ ត្រាំ ចង់សម្រេចការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីតក្នុងតម្លៃជិត ៥០០លានដុល្លារ (Video inside)

25-12-2020 10:41

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានផែនការយល់ព្រមក្នុងការលក់អាវុធមានតម្លៃជិត ៥០០លានដុល្លារឱ្យអារ៉ាប៊ីសាអូឌីតមុននឹង លោក ត្រាំ ត្រូវផុតអាណត្តិជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

សារព័ត៌មាន Bloomberg ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពី ក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងទៀតថា ក្រសួងការបរទេសអាមេរិកបានជូនដំណឹង អំពីគម្រោងលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានប្រព័ន្ធកំណត់គោលដៅ និងអាវុធបំពាក់លើយន្ដហោះចម្បាំង ដែលមតម្លៃប្រហែល ៤៧៨លានដុល្លារ។ ចំណែកឯ ក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon Technologies Corp អាច នឹងលក់អាវុធទាំងនេះដោយផ្ទាល់ឱ្យទីក្រុងរីយ៉ាដ នៅពេលទទួលបានអាជ្ញាប័ណ្ណ។

គួរបញ្ជាក់ថា ខាងក្រសួងការបរទេសអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ឡើយ តែវាបានកើតមានឡើងនៅមុនប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដែលលោក ដូណាល់ ត្រាំ ត្រូវផុតអាណត្តិជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ពោលគឺជាថ្ងៃដែលលោក ចូ បៃដិន ត្រូវស្បថឡើងកាន់តំណែងជា ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។

នៅក្រោមរដ្ឋបាលលោក ត្រាំ ទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត មានភាពស្អិតល្មួតគួរឱ្យកត់សម្គាល់ ប៉ុន្តែទីក្រុងរីយ៉ាដកំពុងព្រួយបារម្ភខ្លាចក្រែងទំនាក់ទំនងដ៏ល្អនេះ អាចនឹងរង្គោះរង្គើរនៅពេលលោក បៃដិន ចូលកាន់តំណែងជាផ្លូវការ ដ្បិតលោក បៃដិន ត្រូវបានគេរំពឹងថា អាចនឹងផ្លាស់ប្ដូរនយោបាយមួយចំនួនចំពោះអារ៉ាប៊ីសាអូឌីត ជាពិសេសគឺទៅលើបញ្ហាសិទ្ធិមនុស្ស៕