(វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានច្រានចោលសំណើបង្កើនកញ្ចប់ថវិកា ដោះស្រាយវិបត្តិ COVID-19 និងកញ្ចប់ថវិកាសម្រាប់ការចំណាយ នៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលនេះកំពុងធ្វើឱ្យអត្ថប្រយោជន៍សម្រាប់ប្រជាជនអាមេរិករាប់លាននាក់ ប្រឈមមុខនឹងហានិភ័យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។
សភាទាំង ២ របស់សហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុននេះបានអនុម័តកញ្ចប់ថវិការជិត ៩០០ពាន់លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្ម និងប្រជាជនអាមេរិក ដែលរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាត COVID-19 រួមទាំងកញ្ចប់ថវិកា ១.៤ទ្រីលានដុល្លារ សម្រាប់ដំណើរការរដ្ឋាភិបាល។ តាមរយៈកញ្ចប់ថវិការដោះស្រាយវិបត្តិ COVID-19 នេះ ប្រជាជនអាមេរិកក្នុងម្នាក់ៗ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៦០០ដុល្លារ។ ទោះជាបែបនេះក្តី លោក ត្រាំ យល់ថាប្រាក់ ៦០០ដុល្លារនេះ គឺជាចំនួនតិចតួចពេកដោយលោកស្នើឱ្យ បង្កើនប្រាក់ឧបត្ថម្ភនេះដល់ ២,០០០ដុល្លារក្នុងមា្នក់។
គួរបញ្ជាក់ថា សភាទាំង២របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ជូនជាផ្លូវការនូវសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាដោះស្រាយ COVID-19 និងកញ្ចប់ថវិកាសម្រាប់ការចំណាយរបស់រដ្ឋាភិបាល ឱ្យលោក ដូណាល់ ត្រាំ ចុះហត្ថលេខា។ លោក ត្រាំ ដែលកំពុងលេងវាយកូនហ្គោលនៅឯរដ្ឋផ្ល័ររីដា ក្នុងថ្ងៃដដែលនោះដែរ មិនបាននិយាយថា លោកនឹងចុះ ឬមិនចុះហត្ថលេខាឡើយ តែលោកធ្លាប់បានព្រមានថា លោកនឹងប្រើសិទ្ធិវេតូជំទាស់នឹងសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាខាងលើ បើសិនជាសភាអាមេរិកមិនព្រមបង្កើនកញ្ចប់ ថវិការតាមសំណើរបស់លោក។
នៅក្នុងករណីដែលលោក ដូណាល់ ត្រាំ មិនព្រមចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់កញ្ចប់ថវិការនេះទេ នោះអត្ថាប្រយោជន៍ ឬកញ្ចប់ថវិកាសម្រាប់ប្រជាជនអាមេរិក ដែលគ្មានការងារធ្វើជាង ១៤លាននាក់ នឹងត្រូវអស់សុពលភាពដោយចាប់ផ្ដើមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ហើយរដ្ឋាភិបាលអាមេរិកវិញ នឹងត្រូវបិទដំណើរការផ្នែកខ្លះរបស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ៕