(បារីស)៖ ការិយាល័យប្រធានាធិបតីបារាំង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ មួយសប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតី Emmanuel Macron តេស្តឃើញ«វិជ្ជមាន»ចំពោះជំងឺ COVID-19 នៅពេលនេះលោក មិនមានរោគសញ្ញានៃជំងឺរាតត្បាតសកលនេះទៀតហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Franch24 នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។
វិមានអេលីហ្សេ (Elysee) បានបន្ថែមទៀតថា ប្រធានាធិបតីដែលកំពុងដាក់ខ្លួនឲ្យនៅដាច់ឆ្ងាយពីគេ នៅឯគេហដ្ឋានមួយនៅជិតទីក្រុងប៉ារីស មិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ។
សេចក្តីថ្លែងការណ៍ដដែលនេះ បានគូសបញ្ជាក់ថា នៅដំណាក់កាលនេះ លោកម៉ាក្រុង មិនមានរោគសញ្ញាអ្វីមួយទាក់ទងនឹងជំងឺ COVID-19 ឡើយ។ ដូច្នេះការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករបស់លោកប្រធានាធិបតី អាចបញ្ចប់ក្រោយពី ៧ថ្ងៃ។
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំងវ័យ ៤២ឆ្នាំ លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ត្រូវបានវិមានអេលីហ្សេ (Elysee) ប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា បានឆ្លងជំងឺ COVID-19 ដោយលោកត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាលរយៈពេល ០៧ថ្ងៃ៕