(បាងកក)៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បាននិយាយថា ខ្លួនជឿជាក់លើខ្លួនឯងថា នឹងអាចគ្រប់គ្រងស្ថាន COVID-19 នាពេលបច្ចុប្បន្ននេះបាន ដោយមិនចាំបាច់ចាត់វិធានការចាក់សោរប្រទេសទេ។ តែផ្ទុយទៅវិញ គឺពឹងផ្អែកលើការគ្រប់គ្រងក្នុងតំបន់ ព្រោះការផ្ទុះឡើងនៃករណីឆ្លងថ្មីៗ នៅតែបន្តកើតមានក្នុងចំណោមកម្មករចំណាកស្រុកនៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយ ដែលផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិនៅថ្ងៃនេះយ៉ាងដូច្នេះថា«ខ្ញុំអាចធានាបានថា រដ្ឋាភិបាលនឹងធ្វើឲ្យបានល្អបំផុត។ ក្រសួងសុខាភិបាលបញ្ជាក់ប្រាប់ខ្ញុំថា ស្ថានការណ៍បច្ចុប្បន្ន វានឹងអាចគ្រប់គ្រងបាន ប្រសិនបើមនុស្សគ្រប់គ្នាព្រមចូលរួមសហការ»។
គួរបញ្ជាក់ថា បើគិតចាប់តាំងតែពីសប្តាហ៍មុនមក ករណីឆ្លង COVID-19 ថ្មីៗត្រូវបានរកឃើញនៅខេត្ត-ក្រុងចំនួន ២៧ នៅទូទាំងប្រទេសថៃ ដែលមកទល់ពេលនេះមានសរុបច្រើនជាង ១,៣០០ករណី ទាក់ទងនឹងការរាតត្បាតនៅទីតាំងផ្សារខាងលើ ខណៈក្នុងចំណោមនោះទៀតសោត ភាគច្រើនជាពលករចំណាកស្រុក មកពីប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៥,៨២៩ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,១១៦នាក់៕