(យេរ៉ូសាឡឹម)៖ ប្រទេសអុីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួននឹងដាក់ចេញនូវវិធានការចាក់សោរនៅទូទាំងប្រទេស ចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះ នៅចំពោះមុខនៃរលកឆ្លងទី៣ ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសមជ្ឈឹមបូព៌ាមួយនេះបានចាប់ផ្តើមយុន្ធាការចាក់វ៉ាក់សាំង COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា វិធានការចាក់សោរនឹងចូលជាធរមានចាប់ពីម៉ោង ១៧៖០០ (ម៉ោងនៅក្នុងតំបន់) នាថ្ងៃអាទិត្យសប្តាហ៍នេះ សម្រាប់រយៈពេល ០២សប្តាហ៍។ ប្រសិនបើ ករណីឆ្លងវីរុសកូរ៉ូណាទម្រង់ថ្មី មិនធ្លាក់ចុះក្រោមអត្រា ១ទេ ហើយចំនួនករណីឆ្លងថ្មីៗប្រចាំថ្ងៃ ក៏មិនតិចជាង ១,០០០ករណី នោះវិធានការរឹតត្បិតនេះ នឹងត្រូវអូសបន្លាយពីរសប្តាហ៍បន្ថែមទៀត។
ក្រោមវិធានការចាក់សោរនេះ ពលរដ្ឋអុីស្រាអែលនឹងត្រូវហាមឃាត់មិនឲ្យធ្វើដំណើរឆ្ងាយជាង ១គីឡូម៉ែត្រពីផ្ទះរបស់ពួកគេ ហើយអាជីវកម្មនានានឹងត្រូវបិទទ្វារផងដែរ លើកលែងតែការដឹកជញ្ជូនប៉ុណ្ណោះ។ ការលើកលែងនឹងត្រូវផ្តល់ជូនសម្រាប់អ្នកដែលធ្វើដំណើរដើម្បីទៅទទួលការចាក់វ៉ាក់សាំង ខណៈដែលសាលារៀននឹងនៅតែបន្តបើកផ្នែកមួយចំនួន។
គួរបញ្ជាក់ថា មួយសប្តាហ៍ចុងក្រោយនេះ អ៊ីស្រាអែលបានមើលឃើញអត្រាឆ្លងថ្មី កើនឡើងយ៉ាងគំហុក។ រហូតមកទល់ពេលនេះ ប្រទេសដែលមានប្រជាជនប្រហែលជា ៩លាននាក់នេះ បានកត់ត្រាករណីឆ្លងសរុបចំនួន ៣៨៥,០២២ ក្នុងនោះមនុស្សចំនួន ៣,១៥០ នាក់បានស្លាប់។
ប្រទេសមជ្ឈឹមបូព៌ាមួយនេះ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង COVID-19 នៅទូទាំងប្រទេសកាលពីថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីទទួលបានវ៉ាក់សាំង ពីក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech។ ដោយឡែក កាលពីថ្ងៃពុធម្សិលមិញ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងចំនួន ០៤ករណី នៃវីរុសកូរ៉ូណាទម្រង់ថ្មីដែលផ្ទុះឡើងនៅភាគខាងត្បូង ចក្រភពអង់គ្លេស។ ជាការឆ្លើយតប រដ្ឋាភិបាលអុីស្រាអែល បានសម្រេចហាមឃាត់ជនបរទេសដែលធ្វើដំណើរមកពីចក្រភពអង់គ្លេស ដាណឺម៉ាក និងអាហ្វ្រិកខាងត្បូង៕