(ហ្សឺណែវ)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្តែងការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការលើកលែងទោសរបស់ប្រធានាធិបតីអាមេរិក ចំពោះកងសន្តិសុខចំនួន៤នាក់ របស់ក្រុមហ៊ុនយោធាឯកជន Blackwater ដែលត្រូវបានកាត់ទោសពី បទសម្លាប់ជនស៊ីវិល ចំនួន១៤នាក់ នៅអ៉ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Marta Hurtado អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងយ៉ាងដូច្នេះថា៖ «ការលើកលែងទោសឲ្យពួកគេ គឺបានរួមចំណែកដល់និទណ្ឌភាព និងមានឥទ្ធិពលជម្រុញ ឲ្យអ្នកដទៃទៀតប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះនាពេលអនាគត»។ សេចក្តីថ្លែងការណ៍នេះ ដដែល បានបញ្ជាក់ទៀតថា បុគ្គលទាំង ៤នាក់នេះ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី១២ឆ្នាំ ដល់អស់មួយជីវិត រួមទាំងការចោទប្រកាន់ពីបទឃាតកម្មកម្រិតទី១ផងដែរ។
តាមរយៈការស៊ើបអង្កេតលើឧក្រិដ្ឋកម្មទាំងនេះ និងការបំពេញនីតិវិធីច្បាប់ សហរដ្ឋអាមេរិក បានបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយជនរងគ្រោះពីការរំលោភ សិទ្ធិមនុស្ស មានសិទ្ធិមើលឃើញជនល្មើសទាំងនេះ ទទួលការផ្តន្ទាទោសសមាមាត្រនឹងស្ថានទម្ងន់ទោសដែលពួកគេបានប្រព្រឹត្ត។
គួរបញ្ជាក់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិកបន្តការប្តេជ្ញាចិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពចំពោះ ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ក៏ដូចជាគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងការធានាឲ្យមានការទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មបែបនេះផងដែរ៕