Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតនាយករដ្ឋមន្ត្រី លោក អាបេ សុំអភ័យទោសប្រជាជនជប៉ុន ជុំវិញភាពមិនប្រក្រតី ក្នុងការប្រើប្រាស់មូលនិធិនយោបាយ

24-12-2020 17:25

(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ នៅថ្ងៃព្រហស្បតិ៍នេះ បានសុំអភ័យទោសទៅកាន់ប្រជាជនជប៉ុន បន្ទាប់ពីផ្ទុះរឿងអាស្រូវ ដែលគេចោទប្រកាន់ថាលោកមាន ជាប់ពាក់ព័ន្ធនឹងការបំពានច្បាប់គ្រប់គ្រងមូលនិធិ សម្រាប់ការធ្វើសកម្មភាពនយោបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក អាបេ ក៏បាននិយាយដែរថា លោកមានអារម្មណ៍ត្រូវទទួលខុសត្រូវខាងសីលធម៌ និងមានបំណងស្ដារទំនុកចិត្តពីប្រជាជនជប៉ុនឡើងវិញ។ ការថ្លែងសារសុំអភ័យទោសនេះ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយមានសេចក្ដីរាយការណ៍ថា លោក អាបេ ស៊ីនហ្សូ ប្រហែលជានឹងត្រូវបានកោះហៅឱ្យបង្ហាញខ្លួនក្នុង សភាជាតិ ដើម្បីទទួលការសួរចម្លើយពីសំណាក់សមាជិកសភា ជុំវិញការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធនឹងការបំពានច្បាប់គ្រប់គ្រងមូលនិធិសម្រាប់ការធ្វើសកម្មភាព នយោបាយ នៅថ្ងៃសុក្រសប្ដាហ៍នេះ។

លោក អាបេ ដែលបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែកញ្ញាកន្លងទៅ ដោយសារបញ្ហាសុខភាពនោះ កំពុងទទួលរងការរិះគន់ បន្ទាប់ពីមានការចោទប្រកាន់លើ ការិយាល័យ និងមនុស្សជំនិតរបស់លោកថា មានជាប់ពាក់ព័ន្ធទៅនឹងការបិទបាំងខ្ទង់ចំណាយ ជុំវិញការរៀបចំអាហារពេលល្ងាច សម្រាប់អ្នកគាំទ្រគណបក្សរបស់លោក ដែលនេះ អាចជាទង្វើបំពាន ទៅលើច្បាប់ស្ដីពីការគ្រប់គ្រង មូលនិធិសម្រាប់ធ្វើសកម្មភាពនយោបាយ ដែលលោក អាបេ ផ្ទាល់ធ្លាប់បានបដិសេធ កាលពីកំឡុងពេលផ្ដល់សក្ខីកម្ម ចំពោះមុខសភាជាតិ កាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក អាបេ បានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការសួរចម្លើយរបស់ព្រះរាជអាជ្ញាទីក្រុងតូក្យូ ម្តងរួចទៅហើយកាលពីថ្ងៃចន្ទកន្លងទៅ។ ក្រុមព្រះរាជអាជ្ញាជប៉ុន បានចោទប្រកាន់ការិយាល័យ និងលេខារបស់លោក អាបេ គឺលោក ហ៊ីរ៉ូយូគិ ហាអិកាវ៉ា (Hiroyuki Haikawa) ថា បានលាក់បាំងលើការចំណាយប្រាក់ជាង ៤០លានយ៉េន ឬស្មើនឹង ៣៨៦,៩២២ដុល្លារអាមេរិក សម្រាប់ការរៀបចំអាហារពេលល្ងាច សម្រាប់អ្នកគាំទ្រគណបក្សរបស់លោក។ ទោះជាយ៉ាងណា ព្រះរាជអាជ្ញាជប៉ុនមិន បានសម្រេចចិត្តធ្វើការចោទប្រកាន់ណាមួយ ប្រឆាំងនឹងលោក អាបេ នោះឡើយ៕