(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ប្រហែលជានឹងត្រូវបានកោះហៅ ឱ្យបង្ហាញខ្លួនក្នុងសភាជាតិ ដើម្បីទទួលការសួរចម្លើយពីសំណាក់សមាជិកសភា ជុំវិញការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធនឹង ការបំពានច្បាប់គ្រប់គ្រងមូលនិធិ សម្រាប់ការធ្វើសកម្មភាពនយោបាយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីជាច្រើន នៃគណបក្សកាន់អំណាចរបស់លោកផ្ទាល់។ ក្រុមមន្ត្រីទាំងនេះ បានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមសមាជិកសភាមកពីគណបក្សកាន់អំណាច កំពុងរៀបចំការកោះហៅលោក អាបេ នៅថ្ងៃសុក្រស្អែកនេះ ឱ្យចូលបង្ហាញខ្លួនមកទទួលការសួរចម្លើយ។ មិនតែប៉ុណ្ណោះបើតាមក្រុមន្ត្រីដដែល ក្រុមសមាជិកសភាក៏កំពុងពិរចារណាផងដែរថា តើគួរតែបើកការសួរចម្លើយនេះ តាមប្រព័ន្ធអនឡាញ ដល់សាធារណជនដែរ ឬក៏យ៉ាងណា។
គួរបញ្ជាក់ថា លោក អាបេ ដែលបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែកញ្ញាកន្លងទៅ ដោយសារបញ្ហាសុខភាពនោះ កំពុងទទួលរងការរិះគន់ ក្រោយមានការចោទប្រកាន់លើការិយាល័យ និងមនុស្សជំនិតរបស់លោកថា មានជាប់ពាក់ព័ន្ធទៅ នឹងការបិទបាំងខ្ទង់ចំណាយ ជុំវិញការរៀបចំអាហារពេលល្ងាច សម្រាប់អ្នកគាំទ្រគណបក្សរបស់លោក ដែលនេះអាចជាទង្វើបំពាន ទៅលើច្បាប់ស្ដីពីការគ្រប់គ្រង មូលនិធិសម្រាប់ធ្វើសកម្មភាពនយោបាយ ដែលលោក អាបេ ផ្ទាល់ធ្លាប់បានបដិសេធ កាលពីកំឡុងពេលផ្ដល់សក្ខីកម្ម ចំពោះមុខសភាជាតិកាលពីឆ្នាំ២០១៩។
បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក អាបេ បានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការសួរចម្លើយរបស់ព្រះរាជអាជ្ញាទីក្រុងតូក្យូ ម្តងរួចទៅហើយកាលពីថ្ងៃចន្ទកន្លងទៅ។ ក្រុមព្រះរាជអាជ្ញាជប៉ុន បានចោទប្រកាន់ការិយាល័យ និងលេខារបស់លោក អាបេ គឺលោក ហ៊ីរ៉ូយូគិ ហាអិកាវ៉ា (Hiroyuki Haikawa) ថា បានលាក់បាំងលើការចំណាយប្រាក់ជាង ៤០លានយ៉េន ឬស្មើនឹង ៣៨៦,៩២២ដុល្លារអាមេរិក សម្រាប់ការរៀបចំអាហារពេលល្ងាច សម្រាប់អ្នកគាំទ្រគណបក្សរបស់លោក។ ទោះជាយ៉ាងណា ព្រះរាជអាជ្ញាជប៉ុនមិនបានសម្រេចចិត្ត ធ្វើការចោទប្រកាន់ណាមួយ ប្រឆាំងនឹងលោក អាបេ នោះឡើយ៕