(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា ជនជាតិអាមេរិកជាង ១លាននាក់បានទទួលចាក់ការវ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណា (COVID-19) សម្រាប់ដូសដំបូងរួចហើយ ខណៈសហរដ្ឋអាមេរិកកំពុងទន្ទឹងរង់ចាំ ការវិលត្រឡប់មករកសភាពធម្មតាវិញ នៅនារដូវក្តៅខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។
ដំណឹងនេះបានកើតឡើង ខណៈចំនួនករណីឆ្លង COVID-19 បានកើនឡើងជាច្រើនករណីគួរឲ្យកត់សម្គាល់នៅនារដូវរងារនេះ និងបានឆក់យកជីវិតមនុស្សជាង ៣៣៤,០០០នាក់នៅទូទាំងសហរដ្ឋអាមរិក។
វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ប្រមាណ ៣លានដូស ត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីសប្តាហ៍មុន ប៉ុន្តែគោលដៅផ្លូវការសម្រាប់សប្តាហ៍នេះ គឺវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ២លានដូស និងវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna ចំនួន ៦លានដូសផ្សេងទៀត។
បន្ថែមពីខាងលើនេះ រដ្ឋាភិបាលអាមេរិកនឹងចែកចាយវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer និង Moderna ចំនួន ៤.៦៧លានដូសនៅសប្តាហ៍ក្រោយ ដែលនាំឲ្យវ៉ាក់សាំងសរុបប្រហែល ២០លានដូស នឹងត្រូវដឹកជញ្ជូននៅឆ្នាំ២០២០នេះ។ ទោះជាយ៉ាងណា ដំណើរការចែកចាយវ៉ាក់សាំង COVID-19 ចំនួន ២០លានដូសដំបូងនេះ នឹងបន្តប្រើពេលរហូតដល់ដើមខែមករា ឆ្នាំ២០២១ខាងមុខនេះ។
ជុំវិញបញ្ហានេះប្រធានទីប្រឹក្សា នៃកម្មវិធីវ៉ាក់សាំងរបស់ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ម៉ុនសេហ្វ ស្លារី (Moncef Slaoui) បានគូសបញ្ជាក់ថា «គោលដៅចាក់វ៉ាក់សាំង COVID-19 ដល់មនុស្សចំនួន ២០លានដូសនៅក្នុងខែនេះ គឺហាក់បីដូចជាមិនត្រូវបានបំពេញទាន់ពេលទេ។ ទោះជាយ៉ាងនេះក្តី ការប្ដេជ្ញាចិត្តរបស់យើង គឺយើងអាចធ្វើទៅបាន ដោយមើលតាមចំនួននៃវ៉ាក់សាំង។ ល្បឿននៃការចាក់វ៉ាក់សាំងនេះ កំពុងដំណើរការយឺតជាងអ្វីដែលយើងគិត ប៉ុន្តែយើងមានទំនុកចិត្តថា យើងនឹងអាចប្រមូលម្ដុំមនុស្សប្រហែល ១០០លាននាក់នៅក្នុងត្រីមាសទី១ និង ១០០លាននាក់ទៀតនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ខាងមុខនេះបាន»។
គួរបញ្ជាក់ថា បើតាមការលើកឡើងរបស់ អ្នកជំនាញជាន់ខ្ពស់ផ្នែកសុខាភិបាល ប្រចាំសហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៊ី (Anthony Fauci) ប្រសិនបើការចាក់វ៉ាក់សាំង COVID-19 នេះ អាចដំណើរការទៅបានយ៉ាងរលូន វាអាចទៅរួចដែលយើងអាចសម្រេចបាន នូវភាពស៊ាំនៅក្នុងសហគមន៍ នៅទូទាំងសហរដ្ឋអាមេរិកបាន នារដូវក្ដៅខាងមុខនេះ (អំឡុងខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២០)៕