(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅយប់់ថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសទទួលស្គាល់ពីការរកឃើញ អ្នកផ្ទុកវីរុស COVID-19 ទម្រង់ថ្មីដំបូងបំផុត ដែលជាវីរុសកំពុងឆ្លងរាតត្បាត នៅក្នុងចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលសិង្ហបុរី វីរុស COVID-19 ទម្រង់ថ្មី ឬគេស្គាល់ថា B117 ត្រូវបានរកឃើញលើស្ត្រីម្នាក់មានអាយុ ១៧ឆ្នាំ ដែលបានទៅបន្តការសិក្សាក្នុងចក្រភពអង់គ្លេស ចាប់តាំងពីខែសីហា កន្លងទៅ។ ស្ត្រីរូបនេះបានត្រឡប់មកដល់សិង្ហបុរីវិញ កាលពីថ្ងៃទី០៦ ខែធ្នូ និងបានអនុវត្តវិធានការធ្វើចត្តាឡីស័ក ហើយរូបនាងមានអាការៈក្ដៅខ្លួន នៅថ្ងៃទី០៧ ខែធ្នូ ព្រមទាំងត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ទម្រង់ថ្មី នៅថ្ងៃទី០៨ ខែធ្នូ។
ក្រសួងសុខាភិបាលសិង្ហបុរីបន្ថែមទៀតថា បច្ចុប្បន្នខាងក្រសួងក៏កំពុងរង់ចាំ លទ្ធផលចុងក្រោយនៃមនុស្ស ១១នាក់ផ្សេងទៀត ដែលត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ទម្រង់ថ្មីនេះដូចគ្នា ក្នុងការធ្វើតេស្ដបឋមផងដែរ។ បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ សិង្ហបុរីមានអ្នកឆ្លង COVID-19 សរុប ៥៨,៤៨២នាក់ ក្នុងនោះស្លាប់ ២៩នាក់ និងជាសះស្បើយ ឡើងវិញ ៥៨,៣២២នាក់។
គួរបញ្ជាក់ថា ការបញ្ជាក់របស់សិង្ហបុរីខាងលើនេះ បានកើតមានឡើងស្របពេលដែល ទម្រង់ថ្មីមួយផ្សេងទៀត (ទម្រង់ថ្មីទី២) នៃវីរុសកូរ៉ូណា (COVID-19) ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស ដោយមានជាប់ពាក់ព័ន្ធនឹងអ្នកដំណើរពីរនាក់ មកពីប្រទេសអាហ្វ្រិកខាងត្បូង។ អាជ្ញាធរសុខាភិបាលអង់គ្លេស កំពុងបន្តតាមដានវីរុសទម្រង់ថ្មីទីពីរនេះ យ៉ាងល្អិតល្អន់បំផុត៕