(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនរបស់ខ្លួនចំនួន ១០០លានដូសបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Hill នៅយប់ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
ក្រុមហ៊ុនបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោមកិច្ចព្រមព្រៀងនេះក្រុមហ៊ុន Pfizer-BioNTech នឹងត្រូវផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២០០ដូស ទៅឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ហើយការចែកចាយនូវវ៉ាក់សាំងទាំងនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់រួចរាល់នៅចុងខែកក្កដា ឆ្នាំ២០២១ខាងមុខ។ កិច្ចព្រមព្រៀងនេះ ក៏នឹងផ្តល់ឲ្យរដ្ឋាភិបាលនូវជម្រើសក្នុងការទិញរហូតដល់ទៅ ៤០០លានដូសបន្ថែមទៀតផងដែរ។
សម្រាប់ ការបញ្ជាទិញចំនួន ១០០លានដូសបន្ថែមទៀតនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចំណាយប្រាក់ចំនួន ១.៩៥ពាន់លានដុល្លារបន្ថែម ដែលនឹងធ្វើឲ្យចំនួនទឹកប្រាក់សរុប ដែលបានបង់ទៅឲ្យក្រុមហ៊ុន Pfizer-BioNTech ប្រមាណជិត ៤ពាន់លានដុល្លារអាមេរិក។
លោក Albert Bourla ដែលជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer បានលើកឡើងយ៉ាងដូច្នេះថា «ជាមួយនឹង ១០០លានដូសបន្ថែមនេះ វានឹងអាចការពារប្រជាជនអាមេរិកបានកាន់តែច្រើន ហើយសង្ឃឹមថាវាអាចនឹងបញ្ចប់ជំងឺរាតត្បាតដ៏សាហាវនេះឲ្យបានឆាប់រហ័ស»៕