(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានប្រកាសថា ខ្លួនបានសម្រេចផ្អាកជើងហោះហើរពីចក្រភពអង់គ្លេស រហូតដល់ដាច់ឆ្នាំនេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19 ទម្រង់ថ្មី ដែលកំពុងវាយលុកក្នុងទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
លោក Yoon Tae-ho មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា រាល់ជើងហោះហើរទាំងអស់មកពីចក្រភពអង់គ្លេស នឹងត្រូវផ្អាកពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ក្នុងគោលបំណងទប់ស្កាត់ការនាំចូល ជំងឺ COVID-19 ទម្រង់ថ្មី ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស។ ចំណែកឯ ជើងហោះហើរពីទីក្រុងកំពង់ផែភាគខាងលិចនៃប្រទេសកូរ៉េខាងត្បូង ទៅកាន់ទីក្រុងឡុងន៍ នឹងត្រូវរក្សាឲ្យដំណើរការជាធម្មតា។
ក្រោមវិធានថ្មីនេះ មានន័យថារាល់ការមកដល់ពីចក្រភពអង់គ្លេស នឹងត្រូវដាក់ឲ្យនៅដាច់ពីគ្នារយៈពេល១៤ ថ្ងៃ ហើយតម្រូវឲ្យធ្វើតេស្តម្តងទៀត នៅពេលចត្តាឡីស័កគ្រប់ថ្ងៃ។ ការត្រួតពិនិត្យសីតុណ្ហភាពរាងកាយនឹងត្រូវរឹតបន្ដឹង ហើយអ្នកបម្រើតាមយន្ដហោះទាំងអស់ក៏នឹងត្រូវធ្វើតេស្តផងដែរ។
គួរបញ្ជាក់ថា ជំងឺ COVID-19 ទម្រង់ថ្មី ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស ត្រូវបានគេជឿជាក់ថាមានសមត្ថភាពចម្លងលឿនជាងមុន រហូតដល់ទៅ ៧០ភាគរយ។ ទោះជាបែបនេះក្តី មិនទាន់មានព័ត៌មានច្រើន ពាក់ព័ន្ធទៅនឹងរីរុសប្រភេទថ្មីនេះនៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញបានអះអាងថា វ៉ាក់សាំងដែលមានស្រាប់ នៅតែមានប្រសិទ្ធភាពដដែល។ រហូតមកទល់ពេលនេះ វីរុសកូរ៉ូណាប្រភេទថ្មីនេះ នៅមិនទាន់ត្រូវបានគេរាយការណ៍ នៅក្នុងទ្វីបអាស៊ីនោះឡើយទេ៕