(ឡុងដ៍)៖ រដ្ឋមន្រ្តីអង់គ្លេសមួយរូបបាននិយាយថា រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងត្រួតពិនិត្យមើលឡើងវិញថា តើខ្លួនត្រូវការដាក់ចេញនូវវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹងបន្ថែមចំពោះបណ្ដាប្រទេសជាច្រើននៅថ្ងៃពុធនេះដែរឬយ៉ាងណា ខណៈវីរុស COVID-19 ទម្រង់ថ្មី នៅតែបន្តឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋមន្រ្តីលំនៅឋាន និងសហគមន៍របស់ចក្រភពអង់គ្លេស លោក រ៉ូប៊ឺត ជែនរីក (Robert Jenrick) បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ BBC ថា គណៈកម្មាធិការប្រតិបតិ្តការ COVID-19 របស់រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នឹងជួបគ្នានៅថ្ងៃពុធនេះ ដើម្បីសម្រេចថា តើជារឿងចាំបាច់ដែរឬទេ ដែលចក្រភពអង់គ្លេសត្រូវដាក់ចេញនូវវិធានការរឹតត្បឹតបន្ថែមទៀតឬយ៉ាងណា។
លោក Robert Jenrick ក៏បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ខ្ញុំមិនអាចធ្វើការវិនិច្ឆ័យទុកមុននោះទេ ប៉ុន្តែយើងនឹងត្រួតពិនិត្យមើលលើចំនួនករណីឆ្លងនៅគ្រប់តំបន់ទាំងអស់នៅក្នុងប្រទេស»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ចក្រភពអង់គ្លេស បានដាក់ចេញនូវវិធានការរឹតត្បឹតយ៉ាងតឹងរឹងនៅទីក្រុងឡុងដ៍ និងតំបន់ភាគអាគ្នេយ៍ប្រទេសអង់គ្លេស (south-east England) ព្រមទាំងដែនដីវែលស៍ (Wales) ផងដែរ ខណៈផែនការបន្ធូរបន្ថយនៅថ្ងៃបុណ្យណូអែលនៅទូទាំងប្រទេស ក៏ត្រូវបានលុបចោលផងដែរ៕