(ម៉ូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សំដីរបស់ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតម៉ាឡេស៊ី លោក ខៃរី ហ្សាម៉ាលូដឌីន (Khairy Jamaluddin) នៅថ្ងៃពុធនេះថា ប្រទេសអាស៊ានមួយនេះកំពុងចរចា ជាមួយទីក្រុងម៉ូស្គូស្តីអំពីលទ្ធភាព ទទួលបានវ៉ាក់សាំង Sputnik V របស់រុស្ស៊ីចំនួន ៦.៤លានដូស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសន្និសីទកាសែតមួយ លោករដ្ឋមន្ត្រីក៏បានកត់សម្គាល់ដែរថា រដ្ឋាភិបាលម៉ាឡេស៊ីកំពុងពិភាក្សាជាមួយ ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ជាដៃគូ BioNTech ពីជម្រើសដើម្បីបង្កើនការទិញវ៉ាក់សាំងបន្ថែមទៀត ដើម្បីចាក់ជូនពលរដ្ឋម៉ាឡេស៊ី ឲ្យបានកាន់តែច្រើន។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហ៍យីដទីន យ៉ាសស៊ីន (Muhyiddin Yassin) បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលរបស់លោកបានចុះព្រមព្រៀង ជាមួយក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេស សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៦.៤លានដូស ហើយក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac) និង ខេនស៊ីណូ (CanSino) ព្រមទាំងវិទ្យាស្ថានស្រាវជ្រាវ ហ្គាម៉ាឡាយ៉ា (Gamaleya) របស់រុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា Sputnik V គឺជាវ៉ាក់សាំង COVID-19 ដែលបានចុះបញ្ជីជាផ្លូវ មុនគេបង្អស់នៅលើពិភពលោក កាលពីថ្ងៃទី១១ ខែសីហា មកម្ល៉េះ ប៉ុន្តែបេក្ខភាពវ៉ាក់សាំងដ៏ឈានមុខមួយនេះ ទើបតែបានបញ្ចប់ការធ្វើតេស្តសាកល្បងដំណាក់កាលទី ៣ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ ដោយរុស្ស៊ីផ្ទាល់បានអះអាងថា វាមានប្រសិទ្ធភាពលើសពី ៩០%៕