(ញូយ៉ក)៖ អ្នកសារព័ត៌មានយ៉ាងហោច ២១នាក់ ត្រូវបានសម្លាប់ដោយសារការសងសឹក និងការចងគំនុំគុំកួន នៅក្នុងឆ្នាំ២០២០នេះ ដែលនេះជាចំនួនកើនឡើងទ្វេដង បើធៀបទៅនឹងកាលពីឆ្នាំ២០១៩។ នេះបើតាមគណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ចេញផ្សាយ នៅថ្ងៃអង្គារសប្ដាហ៍នេះ CPJ បានឱ្យដឹងទៀតថា គិតជាសរុប ក្នុងឆ្នាំ២០២០នេះ មានអ្នកសារព័ត៌មាន ៣០នាក់ ត្រូវបានសម្លាប់ កំឡុងបំពេញតួនាទី ខណៈខ្លួនកំពុងដឹកនាំការស៊ើបអង្កេតលើការស្លាប់របស់អ្នកសារព័ត៌មាន ១៥នាក់ផ្សេងទៀត ថាតើពួកគេបានស្លាប់ ដោយសារតែមានការងារជា អ្នកសារព័ត៌មាន ឬក៏យ៉ាងណា។
គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) ក៏បានបង្ហាញអារម្មណ៍តក់ស្លុតផងដែរ ចំពោះករណីអ្នកសារព័ត៌មាន លោក Ruhollah Zam ដែលត្រូវបានអាជ្ញាធរអ៉ីរ៉ង់ ប្រហារជីវិត កាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅ ដោយសារការរាយការណ៍ព័ត៌មានពីបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាល កាលពីឆ្នាំ២០១៧ ដែលអាជ្ញាធរអ៉ីរ៉ង់ចោទថាជាសកម្មភាព ញុះញង់ឱ្យប្រឆាំង និងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។
គួរបញ្ជាក់ថា បើតាម CPJ ចំនួនអ្នកសារព័ត៌មានស្លាប់នៅក្នុងសមរភូមិសង្រ្គាម ក្នុងឆ្នាំ២០២០នេះ មានចំនួនតិចបំផុត គិតចាប់តាំងពីឆ្នាំ២០០០មក។ ការធ្លាក់ចុះ នេះទៀតសោត គឺដោយសារតែការរឹតត្បិតការធ្វើដំណើរ នៅជុំវិញពិភពលោក ទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ អ្នកសារព័ត៌មាន តែ៣នាក់ប៉ុណ្ណោះ បានស្លាប់ នៅក្នុងសង្រ្គាម ហើយអ្នកទាំងបីនេះសុទ្ធតែនៅក្នុងប្រទេសស៊ីរី។ ចំណែកឯ ម៉ិកស៊ិក នៅតែជាប្រទេស ដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន៕