(ប៉ារីស)៖ ប៉ូលិសយ៉ាងហោច៣នាក់ ត្រូវបានបាញ់សម្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងឧបទ្ទវហេតុមួយកើតឡើង នៅឯភាគកណ្ដាលប្រទេសបារាំង នៅយប់ ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
ឧបទ្ទវហេតុខាងលើកើតឡើង នៅក្នុងតំបន់ ពុយ ឌឺ ដូម (Puy-de-Dome) ហើយបើតាមទូរទស្សន៍បារាំង BFM TV ក្រុមមន្ត្រីប៉ូលិសខាងលើ រងការបាញ់ប្រហារ ដោយបុរសម្នាក់អាយុ ៤៨ឆ្នាំ កំឡុងពួកគេកំពុងជួយសង្រ្គោះស្ត្រីម្នាក់ ពីអំពើហិង្សានៅក្នុងគ្រួសារ។ ប៉ូលិស បានចុះធ្វើអន្តរាគមន៍ទាំងយប់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីអំពើហិង្សាក្នុងផ្ទះមួយ ដោយដំបូងឡើយ ខ្មាន់កាំភ្លើង បានបាញ់សម្លាប់មន្ត្រីប៉ូលិសម្នាក់។ ក្រោយមកទៀត ប៉ូលិស២នាក់ ដែលបានធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុដែរនោះ ក៏ត្រូវបានបាញ់សម្លាប់ផងដែរ និងម្នាក់ផ្សេងទៀត រងរបួស។
គួរបញ្ជាក់ថា បើតាមប៉ូលិសបារាំង ស្ត្រីខាងលើត្រូវបានសង្រ្គោះដោយសុវត្ថិភាព។ ខ្មាន់កាំភ្លើងក៏បានដុតផ្ទះផងដែរ តែត្រូវបានពន្លត់ទាន់ពេលវេលាដោយក្រុមពន្លត់ អគ្គិភ័យ។ យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិតពីខ្មាន់កាំភ្លើង នៅឡើយទេ៕