(លីម៉ា)៖ ប្រទេសប៉េរូនៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងលើស ១លានករណីហើយ និងបានក្លាយជាប្រទេសដែលមានចំនួនករណីឆ្លងច្រើនជាងគេទី ៥ នៅតំបន់អាមេរិកឡាទីន និង ១៦ នៅលើពិភពលោក ខណៈតំបន់នេះកំពុងតស៊ូពុះពារ ប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងផ្នែកសុខាភិបាលដោយសារជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃពុធ ទី ២៣ ខែធ្នូ ឆ្នាំ២០២០។
ប្រទេសប៉េរូដែលមានប្រជាជនប្រមាណ ៣២លាននាក់នេះ បានប្រកាសដាក់ចេញនូវវិធានការបិទទ្វារប្រទេស (Lockdown) យ៉ាងឆាប់រហ័សកាលពីខែមីនាកន្លងទៅនេះ ខណៈជំងឺ COVID-19 បានឆ្លងរីករាលដាលនៅអឺរ៉ុប។ យ៉ាងណាក៏ដោយ ទោះបីជាមានការបិទអាកាសយានដ្ឋានរបស់ខ្លួន អស់រយៈពេលជិត ៦ខែកន្លងមកនេះ និងការបញ្ជាឲ្យប្រជាជនភាគច្រើន ឲ្យស្នាក់នៅក្នុងផ្ទះក៏ដោយ ក៏វានៅតែមានការលំបាកក្នុងការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះដដែល។
គួរបញ្ជាក់ថា បើតាមទិន្នន័យពី worldometers គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ប្រទេសប៉េរូបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,០០០,១៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ៣៧,២១៨នាក់ និងអ្នកជាសះស្បើយ ៩៣៦,១៨២នាក់៕