(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសហាមឃាត់ ជើងហោះហើរទាំងអស់មកពីចក្រភពអង់គ្លេស ខណៈដែលប្រទេសនៅតំបន់អឺរ៉ុប កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទម្រង់ថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានគូសបញ្ជាក់ថា «រាល់ជើងហោះហើរទាំងអស់ពីចក្រភពអង់គ្លេស មកកាន់ប្រទេសហ្វីលីពីន ត្រូវបានផ្អាកចាប់ពីថ្ងៃទី ២៤ ខែធ្នូ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០»។ សម្រាប់អ្នកដំណើរទាំងអស់ ដែលធ្លាប់ធ្វើដំណើរទៅចក្រភពអង់គ្លេស ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ ក៏ត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន មិនឲ្យចូលប្រទេសអាស៊ានមួយនេះ ក្នុងរយៈពេលដូចខាងលើនេះផងដែរ។
គួរបញ្ជាក់ថា ប្រទេសអឺរ៉ុបជាច្រើន បូករួមទាំងកាណាដា និងប្រទេសអាស៊ីមួយចំនួនតូចថែមទៀត បានសម្រេចផ្អាកជើងហោះហើរ ទាំងទៅ និងមកពីចក្រភពអង់គ្លេសរួចទៅហើយ ក្រោយការប្រកាសរកឃើញវីរុស COVID-19 ទម្រង់ថ្មីដែលក្រុមអ្នកវិទ្យាសាស្ត្រ នៅមិនទាន់អាចកំណត់ ឥទ្ធិពលច្បាស់លាស់របស់វាបាននៅឡើយ។ ងាកមកកាន់ហ្វីលីពីនវិញ គិតត្រឹមព្រឹកថ្ងៃពុធនេះមានករណីឆ្លង COVID-19 សរុប ៤៦២,៨១៥ករណី ក្នុងនោះស្លាប់ ៩,០២១នាក់ និងជាសះស្បើយវិញ ៤២៩,៤១៩នាក់៕