(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩៩,០៨០នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ៣,៣៧៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៨,៦៨៤,៦២៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣៣០,៨២៤នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,៩៤៥,០៩៧នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែលខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត។
គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតនៅសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) សម្រាប់ដូសដំបូងរួចហើយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដើម្បីជាការបង្កើននូវទំនុកចិត្ត ជូនដល់ពលរដ្ឋអាមេរិកាំងទាំងអស់ ចំពោះប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងដែលត្រូវអភិវឌ្ឍនឡើង ដោយក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer និង BionNTech។
បន្ថែមពីនេះរដ្ឋបាលឱសថ និងចំណីអាហារនៃសហរដ្ឋអាមេរិក (FDA) ក៏ទើបតែបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna នៅក្នុងករណីបន្ទាន់ ដែលប្រការនេះមានន័យថា អាមេរិកមានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាចំនួន ២ ហើយដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះវ៉ាក់សាំងដំបូងគេ ជារបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech៕