(វ៉ាស៊ីនតោន)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានមិនចុះហត្ថលេខា ទៅលើកញ្ចប់ថវិកា ៨៩២ពាន់លានដុល្លារ ដែលសភាបានអនុម័ត ដើម្បីសង្គ្រោះប្រទេសជាតិពីវិបត្តិ COVID-19 ដោយលោកផ្ទាល់បានអះអាងថា វាគួរតែត្រូវធ្វើការកែសម្រួល ដើម្បីបង្កើនចំនួនទឹកប្រាក់ ទៅតាមកម្រិតនៃការបង់ពន្ធ (Stimulus Check)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
ការព្រមានពីប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះ នៅតែបន្តអូសបន្លាយ ខណៈនៅសល់មិនដល់មួយខែទៀតទេ លោក ដូណាល់ ត្រាំ នឹងត្រូវផុតអាណត្តិទៅហើយនោះ។ វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយ COVID-19 កំពុងធ្វើឲ្យជីវិតរស់នៅរបស់ប្រជាជនអាមេរិកជាច្រើន រងផលលំបាក។
ជុំវិញបញ្ហាខាងលើនេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារជាវីដេអូមួយ នៅលើគណនី Twitter របស់លោកយ៉ាងដូច្នេះថា «កញ្ចប់ថវិកាដែលគេគ្រោង បញ្ជូនមកដាក់នៅលើតុខ្ញុំវិញនេះ គឺពិតជាខុសឆ្ងាយពីការរំពឹងទុក។ វាពិតជារឿងដ៏អាម៉ាស់មួយ»។ លោក ដូណាល់ ត្រាំ ក៏បានណែនាំឲ្យសភា រៀបចំកញ្ចប់ថវិកាជាថ្មីផងដែរ ដោយត្រូវកាត់បន្ថយការចំណាយ មិនចាំបាច់ចោល ហើយបង្កើនមកវិញនូវថវិកាជំនួយ សម្រាប់ប្រជាជនជាក់ស្តែង បើមិនដូច្នោះទេគឺត្រូវរង់ចាំដល់រដ្ឋបាលក្រោយ ជាអ្នកដោះស្រាយបញ្ហាកញ្ចប់ថវិកានេះទៅចុះ។
គួរបញ្ជាក់ថា កន្លងមកនេះលោក ដូណាល់ ត្រាំ ចង់ឲ្យសភាបង្កើនចំនួនថវិកា ទៅតាមប្រព័ន្ធត្រួតពិនិត្យការបង់ពន្ធ (stimulus check) រហូតដល់ ២,០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ និង ៤,០០០ដុល្លារសម្រាប់គូស្វាមី ប៉ុន្តែនៅក្នុងកញ្ចប់ថវិកា ដែលសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាអាមេរិក ទើបតែបានអនុម័តកាលពីដើមសប្តាហ៍នេះ គឺមានតែ ៦០០ដុល្លារ សម្រាប់មនុស្សម្នាក់ៗប៉ុណ្ណោះ៕