(ប្រ៊ុចស៊ែល)៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃអង្គារនេះបានអំពាវនាវដល់រដ្ឋជាសមាជិករបស់ខ្លួន ឲ្យបើកទំនាក់ទំនងដឹកជញ្ជូនពាណិជ្ជកម្ម និងអ្នកដំណើរសំខាន់ៗជាមួយចក្រភពអង់គ្លេសឡើងវិញ ដើម្បីជាដំណោះស្រាយ ចំពោះភាពវឹកវរនៅកំពង់ផែ ដែលមមាញឹកជាងគេបំផុតរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅយប់ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
គណៈកម្មការអឺរ៉ុប ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដឹកជញ្ជូនទំនិញទៅនិងមក ចក្រភពអង់គ្លេស ត្រូវតែត្រូវបានអនុញ្ញាតឲ្យបន្តធ្វើគ្មានការរំខាន ប៉ុន្តែរាល់ការធ្វើដំណើរដែលមិនចាំបាច់ គួរតែត្រូវបានជៀសវាង រហូតដល់មានការជូនដំណឹងបន្ថែមទៀត»។
នៅថ្ងៃដដែលនេះ ក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពអឺរ៉ុបក៏បានលើកឡើងផងដែរថា «ការហាមឃាត់ជើងហោះហើរនិងរថភ្លើងគួរតែត្រូវបានបញ្ឈប់ ដើម្បីធានាឲ្យបានថា ការធ្វើដំណើរចាំបាច់នានានៅតែដំណើរការ ហើយការរំខានចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ត្រូវជៀសវៀង»។
គួរបញ្ជាក់ថា បណ្តាប្រទេសសមាជិកអឺរ៉ុបជាច្រើន រួមមានដូចជា ប្រទេសបារាំង អាល្លឺម៉ង់ អ៉ីតាលី និងហូឡង់ បានសម្រេចហាមឃាត់ជើងហោះហើរ មកពីចក្រភពអង់គ្លេស។ ក្រៅពីប្រទេសអឺរ៉ុប ក៏មានប្រទេសនៅតំបន់ផ្សេងៗទៀតដែរដូចជា ហុងកុង កាណាដា អ៉ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានបិទទ្វារទាំងស្រុងសម្រាប់អ្នកដំណើរ មកពីចក្រភពអង់គ្លេសផងដែរ។ ការហាមឃាត់នេះត្រូវបានធ្វើឡើង ក្រោយចក្រភពអង់គ្លេសបានរាយការណ៍ អំពីការរកឃើញទម្រង់ថ្មីនៃវីរុសកូរ៉ូណា (COVID-19) ដែលមានសមត្ថភាពចម្លងលើសមុន រហូតដល់ទៅ ៧០ភាគរយ៕