(ហ្សឺណែវ)៖ ប្រធានសាខាប្រចាំតំបន់អឺរ៉ុប នៅថ្ងៃអង្គារនេះបានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WTO) បានកោះហៅបណ្តារដ្ឋជាសមាជិក ឲ្យចូលរួមកិច្ចប្រជុំជាមួយ ដើម្បីពិភាក្សាគ្នាស្តីពីយុទ្ធសាស្ត្រ និងវិធានការឆ្លើយតប ក្រោយទម្រង់ថ្មីនៃវីរុសកូរ៉ូណា ត្រូវបានរាយការណ៍នៅចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yahoo News នៅល្ងាចថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ ដែលត្រូវរៀបចំកិច្ចប្រជុំនោះនៅឡើយទេ។ ប្រធានសាខា WHO ប្រចាំអឺរ៉ុប លោក ហាន គ្លូក (Hans Kluge) បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា ការកំណត់ការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាលគឺជារឿងចាំបាច់ រហូតដល់យើងមានព័ត៌មានបន្ថែមទៀត អំពីទម្រង់ថ្មីនៃវីរុសនេះ។ ទោះជាណាក៏ដោយ ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងការធ្វើដំណើរចាំបាច់គួរតែទទួលបានការអនុញ្ញាត។
ស្ថាប័នអន្តរជាតិដែលមានមូលដ្ឋាន នៅទីក្រុងហ្សឺណែវមួយនេះ ក៏បានប្រកាសប្រឆាំងនឹង ការដាក់ចេញនូវវិធានការហួសហេតុ ដើម្បីឆ្លើយតបទៅនឹងវីរុសទម្រង់ថ្មីនេះ ដោយបន្ថែមទៀតថា វាគឺជារឿងធម្មតាដែលជំងឺរាតត្បាត COVID-19 វិវត្តខ្លួន ហើយអង្គការ WHO ក៏បានសម្តែងការសរសើរចំពោះចក្រភពអង់គ្លេស ដែលកំណត់រកឃើញវាផងដែរ។
គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃអង្គារនេះ WHO បានបញ្ជាក់ម្តងទៀតថា យើងនៅមិនទាន់មានព័ត៌មាន គ្រប់គ្រាន់ដើម្បីកំណត់ថា តើទម្រង់ថ្មីនេះអាចជះឥទ្ធិពលដល់ប្រសិទ្ធភាពវ៉ាក់សាំង ដែលមានស្រាប់នៅឡើយទេ ហើយការសិក្សាស្រាវជ្រាវបន្ថែមកំពុងបន្ត៕