(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ បាននិយាយថា ទីក្រុងប៉េកាំង នឹងចាត់វិធានការឆ្លើយតបប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ជុំវិញបម្រាម និងការដាក់កំហិត ការផ្ដល់ទិដ្ឋាការ លើក្រុមមន្រ្តីចិន មិនឱ្យចូលសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកបានប្រើប្រាស់ទិដ្ឋាការជាអាវុធ ប្រឆាំងនឹងប្រទេសចិន ហើយបញ្ហានេះ បានជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានដាក់បម្រាមទិដ្ឋាការបន្ថែមលើមន្រ្តីចិនជាច្រើននាក់ ជុំវិញការរំលោភសិទ្ធិមនុស្ស និងបានចាត់វិធានការ បន្ថែមទៀត ប្រឆាំងនឹងទីក្រុងប៉េកាំង នៅក្នុងខែចុងក្រោយ នៃអាណត្តិប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕