(បាងកក)៖ នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤២៧ករណីបន្ថែមទៀត ដែលប្រការនេះបានជំរុញអាជ្ញាធរ អំពាវនាវឲ្យប្រជាជនរស់នៅ តាមបណ្តាខេត្តពាក់ព័ន្ធចំនួន ១/៤ នៃខេត្តទាំងអស់នៅក្នុងប្រទេសថៃ ទៅស្វែងរកការធ្វើតេស្តនៅថ្ងៃអង្គារនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ ករណីផ្ទុះការឆ្លងធំបំផុតមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗទាំង ៤២៧នាក់ ដែលត្រូវបានបានរាយការណ៍ខាងលើនេះរួមមាន ពលករចំណាកស្រុកចំនួន ៣៩៧នាក់នៅខេត្តសាមុតសាខន ក្រោយករណីផ្ទុះឡើងដំបូង កាលពីចុងសប្តាហ៍មុន នៅឯកន្លែងលក់គ្រឿងសមុទ្រដ៏ធំមួយនៅក្នុងខេត្ត។ អាជ្ញាធរថៃបានអះអាងទៀតថា មានអ្នកឆ្លង COVID-19 ជាង ១,១០០ករណី ដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា ត្រូវបានក្រុមជំនាញរកឃើញថា «មិនមានរោគសញ្ញាអ្វីទាំងអស់»។
អាជ្ញាធរថៃបានស្រាវជ្រាវឃើញថា មានអ្នកទិញអាហារសមុទ្រជាច្រើន ដែលបានធ្វើដំណើរមកពីខេត្តចំនួន ២២ បានទៅទីនោះចន្លោះពីថ្ងៃទី០១ ដល់ ថ្ងៃទី១៨ ខែធ្នូ ហើយអ្នកទាំងនោះត្រូវបានអំពាវនាវ ឲ្យស្វែងរកការធ្វើតេស្តរក COVID-19 ឲ្យបានឆាប់ជាទីបំផុត។
ដោយឡែកអ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា មនុស្សប្រហែល ១,០០០នាក់នៅទូទាំងប្រទេស បានទៅទិញទំនិញនៅទីនោះ ក៏ប៉ុន្តែអាជ្ញាធរបានអំពាវនាវ សុំកុំឲ្យអ្នកទាំងអស់នោះភ័យស្លន់ស្លោ ប្រសិនបើដឹងថាខ្លួនធ្លាប់បានទៅទីនោះ ហើយត្រូវស្វែងរកការធ្វើតេស្តជាបន្ទាន់វិញ។
គួរបញ្ជាក់ថា សម្រាប់ករណីឆ្លងថ្មីៗចំនួន ១៦នាក់ទៀត ដែលត្រូវបានរាយការណ៍នៅថ្ងៃអង្គារនេះដែរ គឺស្ថិតនៅខេត្តចំនួន ០៨ ក្នុងនោះមាន ០៥ករណីនៅទីក្រុងបាងកក ខណៈ ១៤ករណីទៀត គឺ ជាប្រភេទករណីនាំចូលពីបរទេស។ សម្រាប់ប្រទេសមីយ៉ាន់ម៉ា គឺត្រូវបានគេដឹងថា ជាប្រភពកម្លាំងពលកម្មដ៏សំខាន់ សម្រាប់វិស័យគ្រឿងសមុទ្រនៅក្នុងប្រទេសថៃ ហើយអាជ្ញាធរថៃបានសង្ស័យថា កម្មករខ្លះបានវិលត្រលប់មកវិញ ចាប់តាំងពីការរីករាលដាលខ្លាំងនៅទីនោះ កាលពីខែសីហាមកម្ល៉េះ។
យោងតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអង្គារនេះ ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃ បានកើនឡើងដល់ ៥,៧១៦ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,០៧៨នាក់៕