(ញូដេលី)៖ មនុស្សយ៉ាងហោច ០៥នាក់ ដែលធ្វើដំណើរតាមជើងហើរហោះមួយ មកពីចក្រភពអង់គ្លេស ត្រលប់មកដល់ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះត្រូវបានធ្វើតេស្ដ «វិជ្ជមាន» COVID-19។ ទោះជាបែបនេះក្តី គេមិនទាន់ដឹងឱ្យប្រាកដថា តើពួកគេអាចបានឆ្លង COVID-19 ទម្រង់ថ្មីដែរ ឬក៏យ៉ាងណានោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលឥណ្ឌា នៅដើមសប្ដាហ៍នេះបានប្រកាសថា ខ្លួនឹងផ្អាកជើងហោះទៅ និងមកពីចក្រភពអង់គ្លេសជាបណ្ដោះអាសន្ន ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃពុធ ស្អែកនេះតទៅរហូតដល់ចុងខែធ្នូនេះ ហើយអ្នកដំណើរមកពីចក្រភពអង់គ្លេស មុននឹងបម្រាមនេះចូលជាធរមាន នឹងត្រូវទទួលការធ្វើតេស្ដរកវីរុស COVID-19 ទម្រង់ថ្មីជាមុនសិន។
បើតាមអាជ្ញាធរឥណ្ឌា មនុស្សទាំង ០៥នាក់ខាងលើ ដែលស្ថិតនៅក្នុងចំណោមអ្នកដំណើរ និងក្រុមអាកាសយានិក ២៦៦នាក់ ដែលបានត្រលប់មកដល់ទីក្រុងញូដេលី តាមជើងហោះហើរមួយ មកពីចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ហើយពួកគេទាំង ០៥នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ថា តើពួកគេបានឆ្លង COVID-19 ស៊េរីថ្មី ឬក៏យ៉ាងណានោះទេ ខណៈអាជ្ញាធរឥណ្ឌានឹងបញ្ជាក់ព័ត៌មាននេះបន្ថែម នៅក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា បច្ចុប្បន្នមិនទាន់មានភាពចាំបាច់ ត្រូវប្រកាសអាសន្នកម្រិតធ្ងន់ ចំពោះការរកឃើញទម្រង់ថ្មីនៃវីរុស COVID-19 ហើយក៏មិនទាន់មានភស្ដុតាងបញ្ជាក់ថា ទម្រង់ថ្មីនេះអាចបំផ្លាញដល់ប្រសិទ្ធភាព នៃវ៉ាក់សាំងដែលមានស្រាប់នោះដែរ។
ទោះជាបែបនេះក្តី ការរកឃើញទម្រង់ថ្មីនៃវីរុស SARS-CoV-2 ឬ COVID-19 ដែលក្រុមអ្នកវិទ្យាសាស្ត្រជឿថា អាចឆ្លងលឿនជាងមុនរហូតដល់ទៅ ៧០ភាគរយ បានជំរុញឲ្យប្រទេសមួយចំនួន ជាពិសេសនៅតំបន់អឺរ៉ុប សម្រេចបិទព្រំដែនភ្លាមៗ ជាមួយចក្រភពអង់គ្លេស និងបានរុញច្រានតំបន់ធំៗជាច្រើននៅក្នុងប្រទេស ដាក់ចេញនូវវិធានការរឹតត្បិតតឹងរ៉ឹងជាងមុន នៅកំឡុងថ្ងៃបុណ្យណូអែល ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕