(កូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហ៍យីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) នឹងស្ថិតក្នុងចំណោមបុគ្គលដំបូងគេ នៅក្នុងប្រទេស ដែលនឹងទទួលការចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដើម្បីបង្កើននូវទំនុកចិត្ត ជូនដល់សាធារណជនទាំងអស់ ចំពោះប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនេះ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
លោក Muhyiddin Yassin បានគូសបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ការចាក់ដល់បុគ្គលិកសុខាភិបាលជួរមុខ បន្ទាប់មកគឺក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងដូចជា មនុស្សចាស់ជរា និងក្រុមអ្នកមានជំងឺផ្លូវដង្ហើមជាដើម។
លោក Muhyiddin Yassin បានធ្វើសេចក្ដីប្រកាសនៅក្នុងវីដេអូខ្លីមួយ ទាក់ទិននឹងការអភិវឌ្ឍ និងចែកចាយវ៉ាក់សាំង COVID-19 ចុងក្រោយបំផុតដល់ប្រជាជនម៉ាឡេស៊ីថា «រដ្ឋាភិបាល នឹងធានានូវការផ្គត់ផ្គង់វ៉ាក់សាំងជាបន្ទាន់។ រដ្ឋាភិបាលរំពឹងថា ការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១លានដូសដំបូងពីក្រុមហ៊ុន Pfizer នឹងត្រូវបានទទួល និងផ្តល់ការចាក់ដល់ប្រជាជនរបស់ខ្លួននៅត្រឹមខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ»។
កាលពីខែវិច្ឆិកាកន្លងទៅនេះ ប្រទេសម៉ាឡេស៊ីបានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន Pfizer ចំនួន ១២.៨លានដូស។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Pfizer នឹងចែកចាយវ៉ាក់សាំងចំនួន ១លានដូសដំបូងនៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១ខាងមុខនេះ៕