(តៃប៉ិ)៖ នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០នេះ កោះតៃវ៉ាន់បានប្រកាស រកឃើញអ្នកឆ្លង COVID-19 ក្នុងស្រុកចំនួនមួយករណីថ្មីបំផុត ក្រោយពីការគ្រប់គ្រងស្ថានការណ៍ឆ្លង បានយ៉ាងល្អប្រសើរអស់ជាង ៨ខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលតៃវ៉ាន់ ករណីថ្មីខាងលើនេះ គឺជាស្ត្រីម្នាក់ដែលជាមិត្តភក្តិរបស់អ្នកឆ្លងជំងឺ COVID-19 កាលពីមុន ដែលធ្លាប់បានទាក់ទងគ្នា កាលពីចន្លោះថ្ងៃទី ៧-១២ ខែធ្នូ ហើយនាងក៏ធ្លាប់បានធ្វើទំនាក់ទំនង ជាមួយមនុស្សរហូតដល់ទៅ ១៦៧នាក់ឯណោះ ខណៈ ១៣នាក់ក្នុងចំណោមនោះ ត្រូវបានទាក់ទងឲ្យមកធ្វើតេស្ត និងចត្តាឡីស័ករួចរាល់ហើយ។
គួរបញ្ជាក់ថា ខាងលើនេះគឺជាករណីឆ្លងក្នុងស្រុកដំបូង ដែលមិនធ្លាប់កើតមាននៅតៃវ៉ាន់ អស់រយៈពេលជាង ៨ខែ ខណៈជាច្រើនខែមកនេះ តៃវ៉ាន់បានរកឃើញករណីនាំចូល COVID-19 ក្នុងចំនួនតិចតួចប៉ុណ្ណោះ។ គិតត្រឹមថ្ងៃអង្គារនេះ តៃវ៉ាន់បានរកឃើញករណីឆ្លង COVID-19 សរុប ៧៧០ករណី ក្នុងនោះស្លាប់ចំនួន ០៧នាក់ និងជាសះស្បើយវិញ ៦៣២នាក់៕