(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅយប់ថ្ងៃចន្ទ (ពេលវេលានៅព្រុចសែល) បានធ្វើការអនុម័តភ្លាមៗតែម្តង ឲ្យបណ្តារដ្ឋទាំង ២៧ របស់ខ្លួនប្រើប្រាស់ វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលផលិតឡើងដោយក្រុមហ៊ុន អាមេរិកសហការជាមួយអាល្លឺម៉ង់ នោះគឺក្រុមហ៊ុន Pfizer និង BioNTech។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានថ្លែងនៅយប់ថ្ងៃចន្ទនោះថា «យើងបានអនុម័តឲ្យប្រើប្រាស់ នូវវ៉ាក់សាំងប្រឆាំង COVID-19 ដំបូង ដែលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ វ៉ាក់សាំងបន្ថែមទៀត នឹងមកដល់ក្នុងពេលឆាប់ៗ។ វ៉ាក់សាំងជាច្រើនដូស ដែលយើងបានអនុម័តរួចនោះ នឹងត្រូវផ្តល់ដល់ប្រទេសជាសមាជិកទាំងឡាយ នៅក្នុងពេលតែមួយ និងលក្ខខណ្ឌតែមួយ»។
សហភាពអឺរ៉ុបបានផ្តល់សញ្ញាថា ខ្លួននឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែការសម្រេចជាផ្លូវការ ទើបតែត្រូវបានធ្វើឡើងក្រោយពី ទីភ្នាក់ងារត្រួតពិនិត្យឱសថអឺរ៉ុប (EMA) បានអនុម័តទទួលស្គាល់វ៉ាក់សាំងនេះ ជាផ្លូវការនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយការសម្រេចរបស់ EMA គណៈកម្មការអឺរ៉ុប បានប្រកាសអនុម័តជាផ្លូវការឲ្យបណ្តាប្រទេសជាសមាជិក ប្រើប្រាស់វ៉ាក់សាំងនោះតែម្តង។
គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 នឹងត្រូវធ្វើការចែកចាយទៅកាន់ បណ្តាប្រទេសអឺរ៉ុបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ (ក្រោយថ្ងៃបុណ្យណូអែល) ហើយការចាប់ផ្តើមចាក់ជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ។ អឺរ៉ុបទាំងមូលនឹងទទួលបានវ៉ាក់សាំងរហូតដល់ ២០០លានដូស នៅត្រឹមខែកញ្ញា ឆ្នាំ២០២១។ មិនខុសពីប្រទេសដទៃទៀតឡើយ ការចាក់វ៉ាក់សាំង COVID-19 នឹងត្រូវផ្តល់អាទិភាពដល់ បុគ្គលិកសុខាភិបាលជួរមុខ និងមនុស្សមានវ័យចំណាស់៕