Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកចល័តនាវាមុជទឹកប្រដាប់ដោយមីស៊ីល ទៅក្បែររបងផ្ទះអ៉ីរ៉ង់ ក្រោយស្ថានទូតខ្លួន រងការវាយប្រហារនៅអ៉ីរ៉ាក់ (Video inside)

22-12-2020 10:17

(វ៉ាស៊ីនតោន)៖ នាវាមុជទឹកប្រដាប់ដោយមីស៊ីស និងដើរដោយថាមពលនុយក្លេអ៊ែរ យូអ៊ែសអ៊ែស ចរជា (USS Georgia) របស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ ហរមឹស (Hormuz) ក្បែររបងផ្ទះអ៉ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំទីក្រុងបាដាដ ប្រទេសអ៉ីរ៉ាក់ រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កងទ័ពជើងទឹកអាមេរិកបានឱ្យដឹងថា នាវាមុជទឹក USS Georgia អមដំណើរដោយនាវាចម្បាំង យូអ៊ែសអ៊ែស ផត រ៉ូយ៉ាល់ (USS Port Royal ឬ CG 73) និង យូអ៊ែសអ៊ែស ហ្វីលីពីន ស៊ី (USS Philippine Sea ឬ CG 58) បានធ្វើដំណើរឆ្លងកាត់តាម ច្រកសមុទ្រ Hormuz ចូលក្នុងតំបន់សមុទ្រអារ៉ាប់កាលពីថ្ងៃចន្ទម្សិលមិញ។
កងទ័ពជើងទឹកអាមេរិក មិនបានបញ្ជាក់លម្អិតពីប្រតិបត្តិការ នៃនាវាចម្បាំងទាំងនេះទេ ក៏ប៉ុន្តែវាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយស្ថានទូតអាមេរិកប្រចាំទីក្រុងបាដាដ ប្រទេសអ៉ីរ៉ាក់ បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងបន្ទាប់ពីក្រុមមន្ត្រីអាមេរិក បានបង្ហាញការព្រួយបារម្ភថា អ៉ីរ៉ង់អាចនឹងប្រើប្រាស់ខួបមួយឆ្នាំ នៃមរណភាពរបស់លោក កាសេម សូឡៃមេនី (Qasem Solemani) នៅថ្ងៃទី០៣ ខែមករាក្រោយនេះ ដើម្បីបើកការវាយប្រហារណាមួយ ទៅលើបេសកកម្មក្រៅប្រទេស របស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានចោទប្រកាន់ត្រង់ៗថា ក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ គឺជាអ្នកនៅពីក្រោយការវាយប្រហារស្ថានទូតអាមេរិក នៅទីក្រុងបាកដាដ តែត្រូវបានក្រសួងការបរទេសអ៉ីរ៉ង់បដិសេធ ដោយអះអាងតបវិញថា ស្ថានទូតអ៉ីរ៉ង់ក៏ស្ថិតនៅក្នុងតំបន់ ដែលបានរងការវាយប្រហារនោះដែរ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានប្រាប់ក្រុមមន្ត្រីកំពូលរបស់លោក ពីបំណងបើកការវាយប្រហារ ទៅលើទីតាំងនុយក្លេអ៊ែរក្នុងទឹកដីអ៉ីរ៉ង់។ ទោះជាយ៉ាងណា លោក ត្រាំ ត្រូវបានក្រុមមន្ត្រីរបស់លោកបញ្ចុះបញ្ចូល ឱ្យបោះបង់គំនិតនេះវិញដោយរំលឹកថា ការវាយប្រហារបែបនេះ អាចនឹងបង្កឱ្យសង្រ្គាម ទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូលផ្ទុះឡើង។ យ៉ាងណាក៏ដោយ សារព័ត៌មានអាមេរិកជាច្រើន នៅតែបន្តរាយការណ៍ថា លោក ត្រាំ មិនទាន់បោះបង់ចោលគំនិតនេះទាំងស្រុងឡើយ៕