(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី បានទទួលវ៉ាក់សាំង COVID-19 លើកដំបូងរបស់ខ្លួនហើយ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ដែលធ្វើឲ្យប្រទេសមួយនេះ ក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលទទួលបានវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer/BioNTech ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
វ៉ាក់សាំងខាងលើនេះ ត្រូវបានដឹកជញ្ជូនតាមជើងហោះហើរលេខ SQ7979 តាមរយៈក្រុមហ៊ុនដឹកអ្នកដំណើរសិង្ហបុរីអ៊ែរឡាញ ដែលបានចាកចេញពីព្រុចស៊ែល ហើយចុះចតនៅអាកាសយានដ្ឋានសិង្ហបុរីចាងជី នៅវេលាម៉ោង ០៧ និង៣៦នាទីល្ងាចថ្ងៃចន្ទនេះ។
នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង បានប្រកាសកាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅនេះថា អាជ្ញាធរសិង្ហបុរីបានអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ហើយការដឹកជញ្ជូនជើងទីមួយ នឹងមកដល់នៅចុងខែធ្នូនេះ។ ការមកដល់វ៉ាក់សាំងនេះទៀតសោទ កើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលសិង្ហបុរីចូលដំណាក់កាលទីបី នៃវិធានការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ នាថ្ងៃទី២៨ ខែធ្នូខាងមុខនេះ។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុត ដែលបានអនុម័តឲ្យប្រើប្រាស់នូវវា៉ក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech មុនគេ។ ចំណែកឯប្រទេសដ៏ទៃទៀត គេឃើញមានដូចជា សហរដ្ឋអាមេរិក កាណាដា ស្វីស បារ៉ែន និងកាតា ខណៈដែលសហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា បានចាប់ផ្តើមយុទ្ធនាការចាក់វា៉ក់សាំងរបស់ក្រុមហ៊ុននេះ រួចស្រេចទៅហើយ។
នាយករដ្ឋមន្រ្តី លី សៀនឡុង បាននិយាយថា ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសរបស់ខ្លួន នឹងត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ហើយអាទិភាពនឹងត្រូវផ្តល់ជូនដល់ ក្រុមមនុស្សដែលងាយរងគ្រោះខ្លាំងជាងគេបំផុត ដូចជាបុគ្គលិកពេទ្យជួរមុខក៏ដូចជាមនុស្សចាស់ជរាជាដើម៕