(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសចិនបានចុះផ្សាយថា ចិនទើបតែចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលមួយ ដើម្បីត្រៀមផលិតវ៉ាក់សាំង COVID-19 ដំបូងបំផុតរបស់ខ្លួន ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA បើទោះបីជាវ៉ាក់សាំងប្រភេទនេះ កំពុងស្ថិតក្រោមការធ្វើតេស្តដំណាក់ កាលដំបូងក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។
បច្ចេកវិទ្យា mRNA មានផ្ទុកនូវការជំរុញ សម្រាប់ឲ្យកោសិកាមនុស្សយើង បង្កើតក្រុមប្រូតេអ៉ីនដែលធ្វើត្រាប់ដូចជា វីរុសកូរ៉ូណា (COVID-19) ហើយបន្ទាប់មកប្រព័ន្ធភាពសុំាក្នុងខ្លួនយើង នឹងធ្វើការឆ្លើយតប តាមរយៈការផលិតអង់ទីករទប់ទល់វីរុសនោះ។ បច្ចេកវិទ្យា mRNA នេះហើយ ដែលត្រូវបានប្រើប្រាស់ នៅក្នុងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង Pfizer-BioNTech របស់អាមេរិកជាដើម។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន China News Service មជ្ឈមណ្ឌលសម្រាប់ផលិតវ៉ាក់សាំង COVID-19 ប្រភេទ mRNA របស់ចិន កំពុងស្ថិតក្រោមការអភិវឌ្ឍរួមគ្នា ដោយសភាវិទ្យាសាស្រ្តយោធាចិន (AMS), ក្រុមហ៊ុនជីវបច្ចេកវិទ្យា វ៉ាលវ៉ាក់ (Walvax Biotechnology) និងក្រុមហ៊ុនជីវវិទ្យាសាស្រ្ត ស៊ូចូវ អាបូជែន (Suzhou Abogen Biosciences)។
មជ្ឈមណ្ឌលខាងលើត្រូវគេរំពឹងថា នឹងអាចធ្វើប្រតិបត្តិការបាន នៅក្នុងរយៈពេល ០៨ខែខាងមុខ ហើយនឹងមានសមត្ថភាពផលិតវ៉ាក់សាំងបាន ១២០លានដូសក្នុងមួយឆ្នាំ នៅដំណាក់កាលទី១។ វ៉ាក់សាំង mRNA នោះហៅថា ARCoV ឬ ARCoVax ដែលបានឈានដល់ការធ្វើតេស្តដំណាក់កាល ១b កាលពីខែតុលា បន្ទាប់ពីការធ្វើតេស្តដំណាក់កាល ១ ដែលបានចាប់ផ្តើមកាលពីខែមិថុនា។
គួរបញ្ជាក់ថា បច្ចុប្បន្នចិនមានបេក្ខភាពវ៉ាក់សាំង COVID-19 យ៉ាងតិច ០៥ ដែលបានឈានដល់ការធ្វើតេស្តដំណាក់កាលទី ៣ ក្នុងនោះបីបេក្ខភាពត្រូវបានចាក់ ឲ្យប្រជាជនចិនមួយចំនួន ដែលប្រឈមហានិភ័យខ្ពស់រួចទៅហើយ តាមរយៈកម្មវិធីប្រើប្រាស់វ៉ាក់សាំង ក្នុងករណីបន្ទាន់របស់ប្រទេសចិន។ វ៉ាក់សាំងទាំងនេះ គឺជាវ៉ាក់សាំងដែលមិនប្រើបច្ចេកវិទ្យា mRNA ទេ គឺពួកវាប្រើប្រាស់វីរុស ក្នុងទម្រង់អសកម្ម ដែលគ្មានគ្រោះថ្នាក់ ពេលចាក់ចូលក្នុងខ្លួនយើង ដើម្បីជំរុញឲ្យមានការឆ្លើយតបពីប្រព័ន្ធភាពសុំា៕