(វ៉ាស៊ីនតោន)៖ សភាអាមេរិក នៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) បានអនុម័តកញ្ចប់ថវិកាជំនួយថ្មីមួយទៀត ដើម្បីបញ្ចៀសការបិទដំណើរការរដ្ឋាភិបាល និងបាន ផ្តល់ឲ្យសមាជិកសភានូវពេលវេលាបន្ថែមទៀត ដើម្បីបោះឆ្នោតលើកិច្ចព្រមព្រៀងផ្ដល់កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ COVID-19 រួមទាំងកញ្ចប់ថវិកាសម្រាប់រដ្ឋាភិបាល រយៈពេលវែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារពត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។
សភាតំណាងរាស្រ្តអាមេរិក កាលពីយប់ថ្ងៃអាទិត្យ បានអនុម័តកញ្ចប់ថវិកាថ្មីមួយទៀត ដែលនឹងធ្វើឲ្យរដ្ឋាភិបាលបន្តដំណើរការរហូតដល់ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីផ្តល់ពេលវេលាបន្ថែមដល់សមាជិកសភា ដើម្បីបោះឆ្នោតលើកិច្ចព្រមព្រៀងជំរុញសេដ្ឋកិច្ច។ ព្រឹទ្ធសភាអាមេរិក បានអនុម័តលើសេចក្ដីព្រាងច្បាប់ភ្លាមៗ និងបានបញ្ជូនវា ទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខាចែងចូលជាច្បាប់។
មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិក លោក មីត ម៉ាកខុនណែល (Mitch McConnell) បានគូសបញ្ជាក់ថា សមាជិកសភាទើបតែបានឈានដល់កិច្ចព្រមព្រៀង ស្តីពីកញ្ចប់ថវិកាជំនួយសង្គ្រោះបន្ទាន់ COVID-19 ដែលបានរង់ចាំជាយូរមកហើយ ហើយនឹងអនុម័តច្បាប់នេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជុំវិញបញ្ហានេះ សមាជិកសភាជាន់ខ្ពស់អាមេរិកនៃគណបក្សសាធារណរដ្ឋ បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា «សភាអាមេរិក ទើបតែបាន ឈានដល់កិច្ចព្រមព្រៀងមួយហើយ។ យើងនឹងអនុម័តកញ្ចប់ថវិកាជំនួយសង្គ្រោះមួយផ្សេងទៀត។ ជំនួយកាន់តែច្រើន កំពុងតែបន្តធ្វើហើយ»។
គួរបញ្ជាក់ថា ផែនការផ្តល់កញ្ចប់ថវិកាជំនួយ ៩០០ពាន់លានដុល្លារ ដែលកំពុងស្ថិតក្នុងការចរចា ត្រូវបានកំណត់ ដើម្បីរាប់បញ្ចូលការចំណាយផ្ទាល់មួយទៀតសម្រាប់ បុគ្គលម្នាក់ៗ ឬបុគ្គលអត់ការងារធ្វើ និងកញ្ចប់ថវិកាជំនួយបន្ថែមទៀត សម្រាប់កម្មវិធីការពារប្រាក់បៀវត្សន៍ ដើម្បីគាំទ្រអាជីវកម្មខ្នាតតូច។ ប៉ុន្តែ ដោយសារមានការឆ្លង រាលដាលនៃ COVID-19 សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហាក់ដូចជាកំពុងបាត់បង់សន្ទុះ ដែលជាហេតុនាំឲ្យសមាជិកសភានៃគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ បានជាប់គាំងអស់រយៈពេលជាច្រើនខែលើទំហំ និងវិសាលភាពនៃកញ្ចប់ថវិកាជំនួយបន្ទាប់៕