(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក ធីអូដូរ៉ូ ឡក់ស៊ីន (Teodoro Locsin) នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ នេះបាននិយាយថា ហ្វីលីពីនរំពឹងនឹងទទួលបានវ៉ាក់សាំង COVID-19 សរុបចំនួន ៣០លានដូស ពីក្រុមហ៊ុនអាមេរិក ណូវ៉ាវ៉ាក់ (Novavax) នៅត្រឹមខែកក្កដា ឆ្នាំ២០២១ ខណៈរដ្ឋាភិបាលលោក រ៉ឌ្រីហ្គោ ឌូតឺតេ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ធានាឱ្យបាននូវការផ្គត់ផ្គង់ និងចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ដែលមានចំនួនច្រើនជាង ១០០លាននាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។
មកទល់នឹងបច្ចុប្បន្ន ហ្វីលីពីនបានចុះហត្ថលេខាទិញវ៉ាក់សាំង ២.៦លានដូស ពីក្រុមហ៊ុនអង់គ្លេស AstraZeneca តែមួយគត់។ បន្ថែមពីនេះ ហ្វីលីពីនក៏មានផែនការទិញវ៉ាក់សាំង ២៥លានដូសពីក្រុមហ៊ុនចិន Sinovac Biotech ផងដែរ ដោយការផ្គង់ផ្គង់ដំបូងអាចនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២១ ហើយនឹងទិញបន្ថែមពី ៤-២៥លានដូសទៀតពីក្រុមហ៊ុន Moderna និងក្រុមហ៊ុន អាកថូរឹស ស៊ែរ៉ាភើទិច (Arcturus Therapeutics Holdings) របស់អាមេរិក។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ហ្វីលីពីនមានករណីឆ្លង COVID-19 សរុប ៤៥៩,៧៨៩ករណី ក្នុងនោះស្លាប់ ៨,៩៤៧នាក់ និងជាសះស្បើយឡើងវិញ ៤២៩,១៣៤នាក់ ហើយតួលេខនេះធ្វើឱ្យហ្វីលីពីន ក្លាយជាប្រទេសមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេលំដាប់់ទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី៕