(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចចិត្តរឹតបន្តឹងវិធានការរឹតត្បិតប្រឆាំង COVID-19 នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញ តាមរយៈការដាក់បម្រាម ជួបជុំ ឬប្រមូលផ្ដុំមនុស្សចាប់ពី៥នាកឡើងទៅ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងជំងឺរាតត្បាតមួយ កំឡុងរដូវកាលបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល នៅពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។
កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត ខណៈការកើនឡើងនៃករណីឆ្លង បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធ សុខាភិបាល និងបង្ខំឲ្យអាជ្ញាធរ ចេញប្រតិបត្តិការវាយឆ្មក់នៅតាមទីកន្លែងដែលគេសង្ស័យថា បានរំលោភលើវិធានការរក្សាគម្លាតសុវត្ថិភាពនាពេលបច្ចុប្បន្ន។
ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យម្សិលមិញនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៩២៦ករណីបន្ថែមទៀត ខណៈអ្នកជំងឺចំនួន២៤នាក់បានស្លាប់ និងអ្នកជំងឺចំនួន ៤៣៣នាក់ទៀតបានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពី មន្ទីរពេទ្យ។ ក្រោយពីការបូកសរុបទិន្នន័យថ្មីៗ បានធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ ៥០,៥៩១ករណី ក្នុងនោះមានអ្នកស្លាប់ ៦៩៨នាក់ និងអ្នកជាសះស្បើយ ៣៥,១៥៥នាក់។
ការកើនឡើងនូវករណីឆ្លង COVID-19 ថ្មីៗ បានធ្វើឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់បញ្ហានេះ ដោយបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូង កំពុងខ្វះគ្រែពេទ្យ ជាហេតុជំរុញឲ្យមានការជជែកវែកញែក ថាតើរដ្ឋាភិបាល គួរតែដាក់ចេញនូវវិធានការរក្សាគម្លាតសុវត្ថិភាពដែរ ឬទេ ព្រោះថា វិធានការនេះ គឺគ្រាន់តែជាមធ្យោបាយចុងក្រោយ តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ទីក្រុងសេអ៊ូល នឹងចាត់វិធានការហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង៥នាក់ ដោយចាប់ផ្តើមមួយថ្ងៃមុន ថ្ងៃឈប់សម្រាកបុណ្យណូអែល។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ូលិសក្រុងសេអ៊ូល និងអ្នកស៊ើបអង្កេតផ្នែកសុខភាព បានធ្វើការបង្ក្រាបអាជីវកម្មចំនួន ៦០ រួមមានហាងបារ និងក្លឹបខារ៉ាអូខេ ដែលត្រូវបានគេសង្ស័យថា បានរំលោភលើវិធានការនាបច្ចុប្បន្ននេះ។ មនុស្សចំនួន ៣៥នាក់ រួមទាំងម្ចាស់អាជីវកម្ម និងអតិថិជនត្រូវបានចោទប្រកាន់ពី បទឧក្រិដ្ឋ៕