(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសនៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុប ៣៨២នាក់ទៀត ត្រូវបានរកឃើញបន្ថែមទៀត ដោយក្នុងចំណោមអ្នកឆ្លងទាំងនោះ ភាគច្រើនបំផុតគឺជាពលករចំណាកស្រុក ដែលស្ថិតនៅក្នុងខេត្ត សាមុត សាខន (Samut Sakhon) ភាគនិរតីប្រទេសថៃ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន CNA។
អាជ្ញាធរថៃបានអះអាងទៀតថា ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ថ្មីៗទាំង ៣៨២នាក់ខាងលើនេះ គឺមាន ៣៦០នាក់ជាពលករនៅក្នុងខេត្ត Samut Sakhon ខណៈ ១៤នាក់ទៀតគឺជាអ្នកដែលរស់នៅក្នុងខេត្តចំនួន ០៦ របស់ថៃ ប៉ុន្តែខេត្តទាំងអស់នេះ មិនស្ថិតនៅជិតទីក្រុងបាងកកឡើយ។ ដោយឡែកសម្រាប់ ០៨ករណីឆ្លង COVID-19 ផ្សេងទៀត គឺជាប្រភេទករណីនាំចូលពីក្រៅប្រទេស។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អាជ្ញាធរសុខាភិបាលថៃបានប្រកាសថា ពួកគេនឹងធ្វើតេស្តលើមនុស្សសរុប ១០,០០០នាក់ បន្ទាប់ពីការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុកចំនួនជាង ៥០០នាក់ ដែលពាក់ព័ន្ធនឹងកន្លែងលក់អាហារសមុទ្រមួយ នៅក្នុងខេត្ត Samut Sakhon។ សម្រាប់ខេត្តនៅស្ថិតនៅក្បែរខាងដូចជា សាមុត សុងក្រាម (Samut Songkhram) និង ណាខន ផាធំ ( Nakhon Pathom) ក៏មានអ្នកជាប់ពាក់ព័ន្ធ ដែលត្រូវប្រមូលយកទៅធ្វើតេស្តរក COVID-19 ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុប ៥,២៨៩ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,០៥៣នាក់៕