Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតអាមេរិកនៅបាកដាដ រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត, អាមេរិកថ្កោលទោស និងជំរុញឲ្យអ៉ីរ៉ាក់ធ្វើការឆ្លើយតប

21-12-2020 12:37

(បាកដាដ)៖ គ្រាប់រ៉ុក្កែតយ៉ាងហោច ០៨គ្រាប់បានធ្លាក់ចូលក្នុងតំបន់ Green Zone នៃបរិវេណស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ ដោយបានបង្កការខូចខាតបន្តិចបន្តួច និងមិនបានប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

បើតាមយោធាអ៉ីរ៉ាក់ ក្រុមសកម្មប្រយុទ្ធខុសច្បាប់មួយ គឺជាអ្នកនៅពីក្រោយការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតទាំង ០៨គ្រាប់នេះ។ ទោះជាយ៉ាងណាគេនៅមិនបានបញ្ជាក់ថា ជាក្រុមណានោះទេ ដោយគ្រាន់តែឱ្យដឹងបន្ថែមថា គ្រាប់រ៉ុក្កែតទាំងនេះភាគច្រើន ធ្លាក់ចំអគារមួយខ្នង និងប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅក្នុងតំបន់ Green Zone ហើយបានបង្កការខូចខាតខ្លះដល់អគារ និងរថយន្ដជាច្រើនគ្រឿង ព្រមទាំងយោធាអ៉ីរ៉ាក់ម្នាក់ បានរងរបួសផងដែរ។

ស្ថានទូតអាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារខាងលើនេះ ហើយក៏បានជំរុញឱ្យអ្នកនយោបាយអ៉ីរ៉ាក់ទាំងអស់ និងរដ្ឋាភិបាលទីក្រុងបាកដាដ ចាត់វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់កុំឱ្យការវាយប្រហារបែបនេះ កើតមានឡើងជាថ្មី។

គួរបញ្ជាក់ថា មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវ ចំពោះការវាយប្រហារលើស្ថានទូតអាមេរិក ក្នុងទីក្រុងបាកដាដនៅឡើយទេ។ ក្រុមមន្ត្រីអាមេរិកបានដាក់ការសង្ស័យ ទៅលើក្រុមសកម្មប្រយុទ្ធក្នុងទឹកដីអ៉ីរ៉ាក់ ដែលមានសម្ព័ន្ធភាពជាមួយអ៉ីរ៉ង់។ ម្យ៉ាងវិញទៀត ការវាយប្រហារនេះបានកើតឡើង ចំពេលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងតានតឹង ក្រោយបិតាវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ម្នាក់ ត្រូវបានគេសម្លាប់ និងមុនខួបមួយឆ្នាំនៃមរណភាពរបស់មេទ័ពកំពូលអ៉ីរ៉ង់ លោក កាសេម សូឡៃមេនី (Qasem Soleimani) ដែលត្រូវបានយន្ដហោះដ្រូនអាមេរិក ផ្ដាច់ជីវិតក្នុងទីក្រុងបាកដាដ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០៕