(បរទេស)៖ វាជាបាតុភូតដ៏មហាកម្រមួយ ដែលក្រុមតារាវិទូឲ្យឈ្មោះថា «Great Conjunction» ឬ «បាតុភូតស្ទើរត្រួតស៊ីគ្នា រវាងភពព្រហស្បតិ៍ និងភពសៅរ៍» ដែលជាភពយក្សឧស្ម័នធំជាងគេបំផុតទាំងពីរ ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន Space នាព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។
បាតុភូតខាងលើនេះ នឹងកើតឡើងនៅល្ងាចថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ (សម្រាប់ពេលវេលានៅអាមេរិក) និងល្ងាចថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ (សម្រាប់ពេលវេលានៅកម្ពុជា) ប៉ុន្តែវានឹងគ្មានអ្វីខុសប្លែកគ្នាពីគ្នាឡើយ ពោលគឺទាំងពីរថ្ងៃនេះ ថ្ងៃណាក៏យើងអាចទស្សនាបាតុភូត Great Conjunction បានដូចគ្នាដែរ។
ហេតុដែលក្រុមតារាវិទូ បានចាត់ទុកបាតុភូតនេះថា មហាកម្របំផុតនោះ ព្រោះបើយើងខកខានមិនបានទស្សនាពេលនេះ គឺយើងគ្មានថ្ងៃអាចទស្សនាវាម្តងទៀតឡើយ ហើយមនុស្សជំនាន់ក្រោយនៅលើផែនដី នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២៤០០ ទើបអាចមើលឃើញបាតុភូត Great Conjunction បែបនេះកើតឡើងម្តងទៀត។
យើងអាចរង់ចាំទស្សនា Great Conjunction បានចាប់ពីពេលវេលាម៉ោង ៥៖៣០នាទីល្ងាច ដល់ម៉ោង ៧៖៣០នាទីយប់ នៅទិសខាងលិចឈៀងខាងត្បូង ឬទិសនិរតី (អាចទស្សនាបាននៅពេលមេឃស្រឡះល្អ ដោយគ្មានពពក ឬអ័ព្ទក្រាសរំខាន)។
កំណត់សម្គាល់៖ យើងនឹងឃើញពន្លឺផ្កាយពីរដោយមួយធំ និងមួយទៀតរាងតូច (ធំគឺភពព្រហស្បតិ៍ និងតូចគឺភពសៅរ៍) ស្ថិតនៅកៀកគ្នាខ្លាំងនៅលើផ្ទៃមេឃ ចំទិសដៅដូចបានបញ្ជាក់ខាងលើ។ ជាការពិតពួកវាមិនមែនជាផ្កាយនោះទេ ហើយក៏មិនអាចបញ្ចេញពន្លឺ ដោយខ្លួនឯងបាននោះដែរ ប៉ុន្តែវាជារឿងធម្មតាទៅហើយ ដែលមនុស្សម្នាលើផែនដី តែហើយវត្ថុភ្លឺៗនៅលើផ្ទៃមេឃពេលរាត្រី (ក្រៅពីព្រះច័ន្ទ) ថាជាផ្កាយ៕