(តូក្យូ)៖ នៅទីបំផុតសេចក្តីព្រាងលើកញ្ចប់ថវិកាជាតិ ដ៏ច្រើនបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិជប៉ុនរហូតដល់ ១.០៣ទ្រីលានលានដុល្លារអាមេរិក ត្រូវបានអនុម័តហើយសម្រាប់ឆ្នាំសារពើពន្ធថ្មី គិតចាប់ពីខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

កញ្ចប់ថវិកាជាតិប្រចាំឆ្នាំទំហំ ១០៦.៦ទ្រីលានយ៉េន (១.០៣ទ្រីលានដុល្លារអាមេរិក) នេះ គឺមានការកើនឡើងខ្លាំង បើធៀបនឹងចំនួនដែលត្រូវបានព្យាករណ៍ ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០នេះ។ ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២១ នេះត្រូវបានអនុម័ត ដោយយោងទៅលើបញ្ហាជាក់ស្តែងនានា ដែលត្រូវបានបង្កើតឡើងដោយ COVID-19 នៅក្នុងប្រទេសសេដ្ឋកិច្ចយក្ស លំដាប់លេខ ៣ របស់ពិភពលោកមួយនេះ។

នៅក្នុងប្រទេសជប៉ុន កំណែទម្រង់សារពើពន្ធត្រូវបានលោកនាយករដ្ឋមន្ត្រី ស៊ូហ្គា យ៉ូស៊ីហ៊ីដេ សម្រេចទុកចោលមួយឡែកសិន ដោយលោកកំពុងគិតគូរ ដោះស្រាយវិបត្តិនានាបង្កឡើងដោយជំងឺ COVID-19 ជាអាទិភាព តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើនប្រាក់ចំណូលតាមរយៈពន្ធ។

គួរបញ្ជាក់ថា រាប់ចាប់ពីទ្វីបអឺរ៉ុប ទៅដល់ទ្វីបអាមេរិក ព្រមទាំងមេដឹកនាំនយោបាយនានា នៅលើសកលលោក សុទ្ធតែបានបញ្ចេញនូវសកម្មភាពជំរុញរូបិយប័ណ្ណ និងសារពើពន្ធ ដើម្បីទប់ទល់នឹងការធ្លាក់ចុះយ៉ាងគំហុកនៃសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញ ដែលត្រូវការពេលយូរជាប្រវត្តិសាស្ត្រ ខណៈជំងឺរាតត្បាតសកល COVID-19 នឹងបន្តបង្ខំឲ្យប្រទេសជាច្រើនបិទព្រំដែន និងចំនួនអ្នកអត់ការងារធ្វើកើនឡើង៕