Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់បំផុតលើ «ទម្រង់ថ្មីនៃវីរុសកូវីដ-១៩» ដែលកំពុងរាតត្បាតនៅអង់គ្លេស

21-12-2020 09:02

(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស នៃទម្រង់ថ្មីរបស់វីរុស COVID-19 នៅក្នុងចក្រភពអង់គ្លេស ខណៈផ្នែកខ្លះនៃចក្រអង់គ្លេស នឹងត្រូវស្ថិតក្នុងវិធានការរឹតត្បិត ដ៏តឹងរ៉ឹងរហូតដល់មានវ៉ាក់សាំង សម្រាប់ចាក់រួចរាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

ទម្រង់ថ្មីនៃវីរុស COVID-19 ដែលគេរកឃើញនៅអង់គ្លេស កើតមានឡើងចំពេលក្រុមអ្នកជំនាញសុខាភិបាលអាមេរិក បានផ្ដល់អនុសាសន៍ឱ្យមនុស្សមានវ័យចាប់ពី ៧៥ឆ្នាំឡើងទៅ គួរតែទទួលបានការចាក់វ៉ាក់សាំង COVID-19 រួមជាមួយនិងបុគ្គលិកសំខាន់ៗជាង ៣០លាននាក់ទៀត ក្នុងនោះក៏រួមមានគ្រូបង្រៀន និងប៉ូលិសផងដែរ។

ឆ្លើយតបទៅនឹងសំនួរពាក់ព័ន្ធទម្រង់ថ្មីរបស់ COVID-19 លោក ម៉ុនសេហ្វ ស្លាវី (Moncef Slaoui) ជាប្រធានទីប្រឹក្សា នៃកម្មវិធីវ៉ាក់សាំងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រាប់ទូរទស្សន៍ CNN ថា ក្រុមមន្ត្រីអាមេរិកមិនបានដឹងឡើយថា តើទម្រង់ថ្មីរបស់ COVID-19 នេះមានវត្តមានក្នុងសហរដ្ឋអាមេរិករួចហើយ ឬក៏យ៉ាងណានោះទេ ដោយលោកត្រឹមបញ្ជាក់ថា អាជ្ញាធរកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ។ ទោះជាបែបនេះក្តី លោក Slaoui យល់ឃើញថា វិធានការហាមឃាត់ការធ្វើដំណើរ ទៅកាន់ចក្រភពអង់គ្លេស ទំនងជាមិនកើតឡើងឡើយក្នុងពេលបច្ចុប្បន្ននេះ បើទោះបីជាប្រទេសអឺរ៉ុបជាច្រើន បានធ្វើវារួចទៅហើយក៏ដោយ។

គួរបញ្ជាក់ថា ប្រជាជនអង់គ្លេសប្រមាណ ១៦លាននាក់ត្រូវបានតម្រូវឲ្យស្នាក់នៅក្នុងផ្ទះ ដោយសារតែវិធានការបិទទ្វារប្រទេស ដែលបានចូលជាធរមាន កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងឡុងដ៍ និងភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស។ ស្របពេលជាមួយគ្នា រដ្ឋាភិបាលក៏បានលុបចោលផែនការ បន្ធូរបន្ថយលើវិធានរឹតត្បិតនានា នៅក្នុងកំឡុងថ្ងៃបុណ្យណូអែលខាងមុខផងដែរ ដើម្បីគ្រប់គ្រងស្ថានការណ៍រាតត្បាត ប្រភេទថ្មីនៃវីរុស COVID-19 ឲ្យបានយ៉ាងឆាប់រហ័ស៕