(ប៊ែកឡាំង)៖ បណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន នៅថ្ងៃអាទិត្យនេះ ចាប់ផ្តើមផ្អាកជើងហោះហើរពីចក្រភពអង់គ្លេស ដើម្បីធានាថា ទម្រង់ថ្មីនៃជំងឺ COVID-19 ដែលបានរកឃើញនៅក្នុងប្រទេសនេះ មិនអាចចូលមកដល់ប្រទេសអឺរ៉ុបដទៃទៀតបាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។

ប្រទេសហូឡង់ បានហាមឃាត់ការហោះហើរពីចក្រភពអង់គ្លេសយ៉ាងហោចណាស់ក្នុងរយៈពេលពេញមួយឆ្នាំនេះ ខណៈដែលប្រទេសបែលហ្ស៊ិក បានសម្រេចការហាមឃាត់ការហោះហើរ ២៤ម៉ោង ដោយចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យនេះតែម្តង ហើយក៏បានផ្អាកសេវាកម្មរថភ្លើងទៅកាន់អង់គ្លេសផងដែរ។

ចំណែកឯ ប្រទេសអាល្លឺម៉ង់ក៏បានពិចារណាលើជម្រើសដ៏តឹងរុឹង ទាក់ទងនឹងការហោះហើរពីចក្រភពអង់គ្លេសផងដែរ ប៉ុន្តែមិនទាន់មានវិធានការអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស វីរុស COVID-19 ប្រភេទថ្មីមួយ ត្រូវបានរកឃើញថាមានវត្តមាននៅចក្រភពអង់គ្លេស ហើយមានសមត្ថភាពឆ្លងរាលដាលលឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ ប៉ុន្តែមិនត្រូវបានសន្និដ្ឋានថា សាហាវជាងធម្មតានោះឡើយ ហើយវ៉ាក់សាំងគួរតែនៅមានប្រសិទ្ធិភាពប្រឆាំងទប់ទល់ជាមួយវា៕