(ឡុងដ៍)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock បានព្រមាននៅថ្ងៃអាទិត្យនេះថា ប្រភេទថ្មីនៃជំងឺ COVID-19 ដែលរកឃើញនៅក្នុងប្រទេសរបស់ខ្លួន «លែងអាចគ្រប់គ្រងបានហើយ» ដោយបានលើកឡើងថា ផ្នែកខ្លះនៃចក្រអង់គ្លេស នឹងត្រូវស្ថិតក្នុងវិធានការរឹតត្បិត ដ៏តឹងរុឹងបន្ថែមទៀត រហូតដល់មានវ៉ាក់សាំងចាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Straits Times នៅយប់ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។

លោក Hancock បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃអាទិត្យនេះយ៉ាងដូច្នេះថា«ទម្រង់ថ្មី នៃវីរុសកូរ៉ូណា ឥឡូវនេះមិនអាចគ្រប់គ្រងបានទេ។ យើងត្រូវតែគ្រប់គ្រងវាឲ្យបាន។ ប៉ុន្តែវាមានវិធីសាស្ត្រតែមួយគត់ នោះគឺការដាក់វិធានការសុវត្ថិភាពសង្គមឲ្យបានតឹងរុឹងបំផុត តាមទៅអាចធ្វើទៅបាន»

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីសុខាភិបាលរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា«ករណីឆ្លងបានផ្ទុះឡើងយ៉ាងឆាប់រហ័ស ដូច្នេះយើងត្រូវធ្វើដំណើរវែងឆ្ងាយទៀត។ ខ្ញុំគិតថាវាពិតជាលំបាកខ្លាំងណាស់ ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ទាល់តែដំណើរការ នៃការវ៉ាក់សាំង បានចាប់ផ្តើមប្រព្រឹត្តិទៅ»

គួរបញ្ជាក់ថា ឥឡូវនេះ ប្រជាជនអង់គ្លេសប្រមាណជាង ១៦លាននាក់ត្រូវបានតម្រូវឲ្យស្នាក់នៅក្នុងផ្ទះ ដោយសារតែវិធានការបិទទ្វារប្រទេស ដែលបានចូលជាធរមាននៅថ្ងៃអាទិត្យ ទី២០ ខែធ្នូនេះ នៅទីក្រុងឡុងដ៍ និងភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស។ នៅពេលជាមួយគ្នា រដ្ឋាភិបាលក៏បានលុបចោលផែនការបន្ធូរបន្ថយ លើវិធានរឹតត្បិតនានា នៅក្នុងកំឡុងថ្ងៃបុណ្យណូអែលខាងមុខផងដែរ ដើម្បីគ្រប់គ្រង ស្ថានការណ៍រាតត្បាតប្រភេទថ្មី នៃជំងឺ COVID-19 ឲ្យបានយ៉ាងឆាប់រហ័ស៕