(បាងកក)៖ ក្រសួងសុខាភិបាលថៃនាថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន ៥៧៦ករណី ប៉ុន្តែក្នុងនោះរាប់បញ្ចូលទាំង៥១៦ករណី ដែលត្រូវបានរាយការណ៍តាំងតែពីយប់ថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលថៃ ករណីថ្មីៗខាងលើ រួមមាន១៩ករណី ដែលជាករណីឆ្លងក្នុងសហគមន៍នៅឯទីក្រុងបាងកក និងនៅខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតី ជាទីដែលករណីឆ្លង៥១៦ករណី ត្រូវបានរកឃើញក្នុងចំណោមពលករចំណាកស្រុក។ ភាគច្រើននៃពលករចំណាកស្រុកនៅខេត្ត Samut Sakhon គឺមកពីប្រទេសមីយ៉ាន់ម៉ា។ ចំណែក៤១ករណីផ្សេងទៀតគឺ ជាករណីនាំចូល។ សម្រាប់ករណីឆ្លងក្នុងសហគមន៍ទាំងនេះ សុទ្ធតែពាក់ព័ន្ធនឹងផ្សារលក់បង្គារមួយកន្លែងនៅខេត្តសាមុតសាខន។
គួរបញ្ជាក់ថា ខេត្ត Samut Sakhon ត្រូវបានបង្គាប់ឲ្យបិទការចេញ-ចូល រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ និងត្រូវស្ថិតក្រោមការអនុវត្តបម្រាមគោចរចន្លោះម៉ោង១០យប់ដល់៥ព្រឹក។ គិតមកទល់បច្ចុប្បន្ន ថៃបានរកឃើញករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសខ្លួន ចំនួនជាង៤,៩០០នាក់ ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយជាង៤ពាន់នាក់៕