(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ បានអះអាងថា ការវាយប្រហារទ្រង់ទ្រាយធំតាមប្រព័ន្ធព័ត៌មានវិទ្យាមកលើរដ្ឋាភិបាលអាមេរិកកាលពីពេលថ្មីៗនេះ ហាក់ពុំបានបង្កបញ្ហាធ្ងន់ធ្ងរឡើយដោយអ្វីៗស្ថិតក្រោមការគ្រប់គ្រងបាន ហើយលោកក៏បាននិយាយផ្ទុយពីការវាយតម្លៃរបស់រដ្ឋបាលលោកផ្ទាល់ ដែលថារុស្ស៉ីជាអ្នកនៅពីក្រោយទង្វើនេះផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានបង្ហោះសារលើប្រព័ន្ធ Twitter យ៉ាងដូច្នេះថា «ខ្ញុំទើបតែទទួលបានរបាយការណ៍ពេញលេញ ហើយអ្វីៗគឺស្ថិតក្រោមការគ្រប់គ្រងបាន»។ លោក ត្រាំ បានបន្តថា ឲ្យតែមានបញ្ហាណាមួយកើតឡើង គេតែងតែនាំគ្នាស្រែកថារុស្ស៉ីៗជានិច្ច ហើយលោកថែមទៀតលើកឡើងដោយគ្មានផ្តល់ភស្តុតាងបញ្ជាក់ណាមួយថា ចិនឯណោះទេប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងរឿងនេះ។
គួរបញ្ជាក់ថា ការអះអាងរបស់លោក ដូណាល់ ត្រាំ គឺផ្ទុយស្រឡះពីការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ជុំវិញប្រភពនិងកម្រិតធ្ងន់ធ្ងរនៃការវាយប្រហារព័ត៌មានវិទ្យានាពេលថ្មីៗមកលើសហរដ្ឋអាមេរិក។ លោក ប៉ុមប៉េអូ បាននិយាយថា បើតាមក្រុមអ្នកជំនាញ ការវាយប្រហារនេះអាចមានផលប៉ះពាល់ជ្រៅ ហើយត្រូវចំណាយពេលរាប់ខែដើម្បីដោះស្រាយបានទាំងស្រុង ចំណែកអ្នកនៅពីក្រោយវិញ គឺច្បាស់ណាស់ជាទង្វើរបស់រុស្ស៉ី៕