(វ៉ាស៊ីនតោន)៖ ការជ្រៀតជ្រែកចូលក្នុងប្រព័ន្ធអ៉ិនធឺណែតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុម hackers ដោយមានការគាំទ្រពីកម្លាំងបរទេសបានលួចទិន្នន័យពីទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានចោទប្រកាន់ទីក្រុងម៉ូស្គូ ថាជាអ្នកនៅពីក្រោយយុទ្ធនាការនេះ។ នៅក្នុងកម្មវិធី The Mark Levin Show លោក ប៉ុមប៉េអូ បានបញ្ជាក់ថា មានកិច្ចខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ ក្នុងការប្រើប្រាស់កម្មវិធីភាគីទីបី ដើម្បីបញ្ចូលកូដទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល ហើយលោកជឿជាក់ថាជនជាតិ រុស្ស៊ីមានជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពទាំងនេះ។ ជាការឆ្លើយតប ទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់នេះទាំងស្រុង ដោយបានបន្ថែមទៀតថាមិនមានភស្តុតាងណាមួយ ដែលបញ្ជាក់ថាពួក Hackers រុស្ស៊ីបានវាយប្រហារប្រព័ន្ធកុំព្យូទ័រនោះឡើយ។
គួរបញ្ជាក់ថា ក្រុម Hackers បានជ្រៀតចូលទៅក្នុងប្រព័ន្ធសន្តិសុខរបស់ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក តាមរយៈការវាយប្រហារលើក្រុមហ៊ុន SolarWind ដែលមានមូលដ្ឋាន នៅក្នុងរដ្ឋតិចសាស់។ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថា ក្រុម hackers ឈ្មោះថា APT29 ដែលត្រូវបានគេស្គាល់ថា Duke ឬ Cozy Bear គឺជាអ្នកនៅពីការវាយប្រហារ លើកនេះ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែធ្នូ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា ប្រភពអនាមិកដែលត្រូវបានដកស្រង់ពី ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានបង្ហាញថាមន្ត្រីអាមេរិកនិងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ គឺជាអ្នកជំរុញការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងប្រទេសរុស្ស៊ី បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលឆ្នាំ២០១៦៕