(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna នៅក្នុងករណីបន្ទាន់ហើយ ដែលវានឹងត្រួសត្រាយផ្លូវដល់វ៉ាក់សាំង របស់ក្រុមហ៊ុនទី ២នេះ ជូនប្រជាជនអាមេរិកនាពេលឆាប់ៗ។
២៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានបន្ទោសខ្លួនឯងថា បានធ្វេសប្រហែស និងមានសំណាងមិនល្អ ទើបធ្វើឱ្យរូបលោកឆ្លង COVID-19 ខណៈក្រុមអ្នករិះគន់ចោទថា អាកប្បកិរិយារបស់លោក ម៉ាក្រុង ទៅវិញទេទើបជាកំហុស ដែលមិនអាចបង្ការការឆ្លង ជំងឺដ៏កាចសាហាវនេះបាន។
៣៖ ក្រុមសម្ព័ន្ធភាពនៃកម្មវិធី COVAX ដែលមានគោលដៅធានាឱ្យបាននូវការទទួលបានវ៉ាក់សាំង COVID-19 ប្រកបដោយតម្លាភាពដល់បណ្ដាប្រទេសក្រីក្រ បាននិយាយថា ពួកគេបានព្រមព្រៀងគ្នា បានបង្កើនទ្វេដងនៃការផ្គត់ផ្គង់វ៉ាក់សាំងឱ្យដល់ ២ពាន់លានដូស ដោយការចែកចាយក្នុងដំណាក់កាលដំបូង នឹងត្រូវធ្វើឡើងនៅដើម ឆ្នាំ២០២១ខាងមុខនេះ។
៤៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពដ៏សំខាន់មួយ របស់កងកម្លាំងអង្គការ NATO ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងស្រុក បាក្រាម (Bagram) នៃខេត្ត ផាវ៉ាន (Parwan) ស្ថិតនៅភាគខាងជើងរដ្ឋធានីកាប៊ុល។
៥៖ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញលោក សាលវ៉ាដឺ អ៊ីលឡា (Salvador Illa) បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះហើយ។
៦៖ មន្ត្រីគណៈកម្មាធិការសុខភាពជាតិចិន (NHC) នៅថ្ងៃសៅរ៍នេះបានប្រកាសឲ្យដឹងថា ប្រទេសចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ជូនដល់ក្រុមមនុស្សមានអាទិភាព នៅអំឡុងរដូវរងារ និងនិទាឃរដូវ (ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១)៕