(ប៉េកាំង)៖ ក្រោយពីការបើកប្រអប់ផ្ទុក ដែលត្រូវបានទម្លាក់លើផែនដី ដោយបេសកកម្មឆាងអឺ-៥ (Chang'e 5) កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីភ្នាក់ងារអវកាសចិន CNSA បានប្រកាសជាផ្លូវការថា គំរូតាងព្រះច័ន្ទ (ដុំថ្ម និងកម្ទេចដី) ដែលស្ថិតនៅក្នុងប្រអប់ផ្ទុកនោះ មានទម្ងន់សរុប ១,៧៣១ក្រាម។

ការបើកប្រអប់ស្តុកគំរូតាងត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃសៅរ៍នេះតែម្តង ក្រោយពីវាត្រូវបានបញ្ជូនទៅដល់ដៃ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រចិន។ ជាកិច្ចបន្ត ក្រុមអ្នកវិទ្យាសាស្ត្រចិននឹងធ្វើការសិក្សា ទៅលើគំរូតាងព្រះច័ន្ទ ដែលខ្លួនទទួលបាន ខណៈនៅថ្ងៃអនាគត វាក៏នឹងត្រូវធ្វើការចែករំលែក ទៅដល់ក្រុមអ្នកស្រាវជ្រាវបរទេស ដែលមានបំណងចង់បានយកទៅសិក្សាផងដែរ។

គួររំលឹកថា ប្រអប់ផ្ទុកគំរូតាងរបស់បេសកកម្ម Chang'e 5 ត្រូវបានទម្លាក់មកតាមរយៈយាន (capsule) ទម្លាក់ទៅលើតំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិន កាលព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ វាគឺជាលើកដំបូងក្នុងរយៈពេលជាង ៤០ឆ្នាំ ដែលមនុស្សអាចទៅយកគំរូតាងពីព្រះច័ន្ទ មកកាន់ភពផែនដីវិញ ឬនិយាយជារួមទៅ ចិនគឺជាប្រទេសទី ៣ លើពិភពលោក ដែលអាចធ្វើរឿងនេះបាន បន្ទាប់ពីសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត។

សម្រាប់ដុំថ្ម ១,៧៣១ក្រាម (ពីដំបូងចិនអះអាងថា នឹងយកឲ្យបាន ២,០០០ក្រាម ឬ ២គីឡូក្រាម) ដែលយាន Chang’e 5 បានជីកយកមកកាន់ផែនដីពេលនេះ គឺបានមកពីតំបន់ អូសិនណឹស ប្រូសែលឡារឹម (Oceanus Procellarum) មានទីតាំងស្ថិតនៅផ្នែក near side របស់ព្រះច័ន្ទ ដែលបែរមករកផែនដីជានិច្ច និងស្ថិតនៅភាពឦសាននៃផ្ទៃព្រះច័ន្ទ បើយើងមើលពីលើផែនដីទៅ។

បើតាមលោក ប៉ី ចាវយុ (Pei Zhaoyu) អនុប្រធានគ្រប់គ្រង បេសកកម្មស្រាវជ្រាវឋានព្រះច័ន្ទ នៃទីភ្នាក់ងារអវកាសចិន CNSA ប្រទេសចិនរីករាយក្នុងការចែករំលែក គំរូតាងរបស់ព្រះច័ន្ទនេះ ទៅដល់ប្រទេសនានាដែលមានចំណាប់អារម្មណ៍ ចង់បានយកទៅធ្វើការពិសោធន៍ និងស្រាវជ្រាវផងដែរ៕