Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

COVAX បង្កើនការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់ ២ពាន់លានដូស, ជួយសម្រួលបន្ទុកដល់បណ្ដាប្រទេសក្រីក្រ (Video inside)

19-12-2020 14:10

(ហ្សឺណែវ)៖ ក្រុមសម្ព័ន្ធភាពនៃកម្មវិធី COVAX ដែលមានគោលដៅធានាឱ្យបាននូវការទទួលបានវ៉ាក់សាំង COVID-19 ប្រកបដោយតម្លាភាពដល់បណ្ដាប្រទេសក្រីក្រ បាននិយាយថា ពួកគេបានព្រមព្រៀងគ្នា បានបង្កើនទ្វេដងនៃការផ្គត់ផ្គង់វ៉ាក់សាំងឱ្យដល់ ២ពាន់លានដូស ដោយការចែកចាយក្នុងដំណាក់កាលដំបូង នឹងត្រូវធ្វើឡើងនៅដើម ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយ នៅថ្ងៃសុក្រសប្ដាហ៍នេះ សហដឹកនាំកម្មវិធី COVAX ក្នុងនោះរួមមាន សម្ព័ន្ធភាពវ៉ាក់សាំង GAVI និងអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ១.៣ពាន់លានដូស នៃវ៉ាក់សាំងដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ នឹងត្រូវចែកចាយទៅកាន់បណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យមចំនួន៩២ ប្រទេស នៅឆ្នាំ២០២១។ សេចក្ដីថ្លែងការណ៍ដដែល បានឱ្យដឹងទៀតថា ប្រទេសទាំង១៩០ ដែលបានចុះហត្ថលេខាចូលរួមក្នុងកម្មវិធី COVAX នឹងទទួលបានវ៉ាក់សាំង នៅឆមាសទី១ នៃឆ្នាំ២០២១ ហើយការចែកចាយដំណាក់កាលដំបូង នឹងចាប់ផ្ដើមនៅត្រីមាសដំបូង ក្នុងឆ្នាំ២០២១។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងគ្នាថ្មីខាងលើ ត្រូវបានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងនោះរួមបញ្ចូលទាំងកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ១៧០លានដូស និងអនុស្សរណយោគយល់៥០០លានដូសទៀត ពីក្រុមហ៊ុន Johnson & Johnson៕