(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានបន្ទោសខ្លួនឯងថា បានធ្វេសប្រហែស និងមានសំណាងមិនល្អ ទើបធ្វើឱ្យរូបលោកឆ្លង COVID-19 ខណៈក្រុមអ្នករិះគន់ចោទថា អាកប្បកិរិយារបស់លោក ម៉ាក្រុង ទៅវិញទេទើបជាកំហុស ដែលមិនអាចបង្ការការឆ្លង ជំងឺដ៏កាចសាហាវនេះបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។
លោក ម៉ាក្រុង ធ្វើការកត់សម្គាល់ខាងលើក្នុងវីដេអូមួយ ដែលលោកថតចេញពីវិមានប្រធានាធិបតីបារាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយលោកក៏បានជំរុញឱ្យប្រជាជនបារាំងទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ លោក ម៉ាក្រុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសុខភាពល្អធម្មតា ហើយខ្ញុំកំពុងទទួលបានការព្យាបាល និងមើលថែយ៉ាងយកចិត្តទុកដាក់។ មិនថាខ្ញុំឆ្លង COVID-19 ដោយរបៀបណានោះទេ តែការធ្វេសប្រហែស និងសំណាងមិនល្អគួបផ្សំគ្នា ទើបបានជាធ្វើឱ្យខ្ញុំឆ្លងជំងឺមួយនេះ»។
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំងវ័យ ៤២ឆ្នាំ លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ត្រូវបានវិមានអេលីហ្សេ (Elysee) ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា បានឆ្លងជំងឺ COVID-19 ហើយលោកត្រូវស្នាក់នៅ ដាច់ដោយឡែកពីគេឯង ដើម្បីទទួលការព្យាបាលរយៈពេល ០៧ថ្ងៃ។ ប្រធានាធិបតីបារាំងរូបនេះ បានចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាច និងចូលរួមកិច្ចប្រជុំមួយចំនួនកាលពីសប្ដាហ៍មុន ដោយមានការចាប់ដៃគ្នា ហើយលោក ម៉ាក្រុង និងមេដឹកនាំអឺរ៉ុបភាគច្រើន ត្រូវបានគេមើលឃើញថា មិនបានពាក់ម៉ាសឡើយ មុនត្រូវបានតេស្ដវិជ្ជមាន COVID-19៕